តើតម្លៃផ្ទះនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ប្រែប្រួលបែបណា ក្នុងរយៈពេលប៉ុន្មានខែនេះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន កាលពីខែមីនា បានកើនឡើង ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២ឆ្នាំកន្លះកន្លងមក បើធៀបនឹងខែកុម្ភៈ ដែលជំរុញដោយវិធានការគាំទ្រមួយចំនួនរបស់រដ្ឋាភិបាលចិន។

យោងតាមទិន្នន័យ ពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy បានបង្ហាញថា តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០ បានកើនឡើង០,២៧% នៅក្នុងខែមីនា បើធៀបនឹងខែកុម្ភៈ ដែលនេះជាកំណើនដ៏ខ្ពស់បំផុត គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។

វិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចចិន បានជាប់ផុងក្នុងវិបត្តិ ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីទីក្រុងប៉េកាំងបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចីទៅឱ្យអ្នកអភិវឌ្ឍន៍ ដែលបានបង្កឱ្យមានវិបត្តិសាច់ប្រាក់។

រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជំរុញ និងវិធានការបន្ធូរបន្ថយជាបន្តបន្ទាប់ ដើម្បីជំរុញការលក់ និងបង្កើនសាច់ប្រាក់ងាយស្រួល។ កាលពីសប្តាហ៍មុន អាជ្ញាធរទីក្រុងប៉េកាំង បានបន្ធូរបន្ថយច្បាប់ទិញផ្ទះ ដោយលុបចោលច្បាប់ ដែលដាក់កម្រិតមិនឱ្យបុគ្គលណាម្នាក់ទិញផ្ទះ នៅក្នុងទីក្រុងក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីការលែងលះ។នៅក្នុងចំណោមទីក្រុងទាំង១០០ នៃប្រទេសចិន គេសង្កេតឃើញមានចំនួនទីក្រុងចំនួន៤៣ ដែលសម្រេចបានការងើបឡើងថ្លៃប្រចាំខែ នៃតម្លៃផ្ទះក្នុងខែមីនា បើធៀបនឹងទីក្រុងចំនួន៤០ កាលពីខែកុម្ភៈ។

តម្លៃផ្ទះនៅទីក្រុងសៀងហៃ បានកើនឡើងខ្ពស់ជាងគេបំផុតក្នុងរង្វង់១,០៩ភាគរយ ខណៈពេលដែលតម្លៃផ្ទះនៅទីក្រុង Changchun ភាគឦសាននៃប្រទេសចិន បានដាំក្បាលចុះខ្លាំងជាងគេបំផុតក្នុងរង្វង់០,៦៨% ។

ទោះជាយ៉ាងណាក្តី បើគិតពីតម្លៃ ការលក់ផ្ទះសរុបក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យចំនួន១០០ បានធ្លាក់ចុះ៤៩ភាគរយ ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក ការលក់ផ្ទះទោលនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងខែកុម្ភៈ បន្ទាប់ពីអត្រាការប្រាក់លើកម្ចីទិញផ្ទះបានកើនឡើង នៅក្នុងកំឡុងពេលនោះ។ តម្លៃផ្ទះថ្មីជាមធ្យមកាលពីខែកុម្ភៈ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាង២ឆ្នាំកន្លះ ខណៈការផ្គត់ផ្គង់បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។

ការិយាល័យជំរឿនរបស់នាយកដ្ឋាន ពាណិជ្ជកម្មអាមេរិកបានរាយការណ៍ថា ការលក់ផ្ទះថ្មីបានធ្លាក់ចុះ០,៣% ហើយការលក់បានធ្លាក់ចុះដល់៦៦២.០០០យូនីតកាលពីខែកុម្ភៈ បើធៀបនឹងផ្ទះចំនួន៦៦៤.០០០យូនីត ដែលត្រូវបានលក់ចេញក្នុងខែមករា។

រីឯ តម្លៃផ្ទះថ្មីជាមធ្យម ក្នុងខែកុម្ភៈគឺ៤០០.៥០០ដុល្លារ ដែលជាតម្លៃថោកបំផុត គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ និងធ្លាក់ចុះ៧,៦% បើធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះ ការផ្គត់ផ្គង់ផ្ទះថ្មីនៅលើទីផ្សារ មានចំនួន៤៦៣.០០០យូនីត គិតត្រឹមដំណាច់ខែកុម្ភៈ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ និងកើនឡើងពីការផ្គត់ផ្គង់ចំនួន៤៥៧.០០០យូនីតក្នុងខែមករា៕

LEAVE A REPLY

Please enter your comment!
Please enter your name here