ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េងបានប្រកាស នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅខេត្តកណ្តាល លាតសន្ធឹងលើផ្ទៃដីទំហំជាង១២០ហិកតា។
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី នៅខេត្តកណ្តាល ដើម្បីបំពេញនូវតម្រូវការ ទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ នៅជុំវិញរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Royal Group កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការស្នើសុំបង្កើត តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ ហិកតា។
ដំណើរការគម្រោង បានចាប់ផ្តើមដោយចាក់ដីបំពេញ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោល អាចនឹងត្រូវបញ្ចប់ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំ២០២៤ នេះ។
ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ក៏នឹងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោត ដែលបានសាងសង់រួច តាំងពីឆ្នាំ២០២២។ ប្រភពបានបញ្ជាក់បន្ថែម។
ដោយសារតម្រូវការទីតាំងវិនិយោគ មានការកើនឡើង ដីទំហំប្រមាណ១០០ ហិកតា ត្រូវបានកក់ទុកមុនរួចទៅហើយ ដោយក្រុមហ៊ុនមួយ ដែលកំពុងដំណើរការ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ប្រភពក្រុមហ៊ុនបានបញ្ជាក់ថា នៅពេលដំណើរការផលិតពេញលេញ នឹងបង្កើតឱកាសការងារប្រមាណ២ម៉ឺននាក់ ថែមទៀតដល់ប្រជាជនខ្មែរ៕