ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើន ឬហៅកាត់ថា BRICS កំពុងពិចារណាលើការបង្កើត ប្រព័ន្ធទូទាត់ឯករាជ្យមួយ ដោយផ្អែកលើរូបិយប័ណ្ណឌីជីថល និងបច្ចេកវិទ្យា Blockchain ដើម្បីកាត់បន្ថយការពឹងផ្អែក លើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច។
លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ការបង្កើតប្រព័ន្ធទូទាត់ឯករាជ្យហៅកាត់ថា BRICS គឺជាគោលដៅសំខាន់មួយ សម្រាប់អនាគត ដែលនឹងផ្អែកលើឧបករណ៍ទំនើបបំផុត ដូចជាបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យា Blockchain ។
លោក Ushakov បានថ្លែងប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា “រឿងសំខាន់ យើងត្រូវធ្វើឱ្យប្រាកដថា ប្រព័ន្ធនេះមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាល មនុស្សសាមញ្ញ និងក្រុមហ៊ុនអាជីវកម្ម ក៏ដូចជា ការចំណាយប្រកបដោយប្រសិទ្ធភាព និងសេរីភាពនយោបាយ”។
ដំបូងឡើយ សម្ព័ន្ធភាពនេះត្រូវបានបង្កើតឡើង ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១០មក ក្រុមប្រទេសសមាជិកBRICS បានបន្ថែមសមាជិករបស់ខ្លួនជាលើកដំបូង ដោយដាក់បញ្ចូលអេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី និងអេរ៉ាប់រួម ជាសមាជិកថ្មី។
ជាមួយគ្នានេះ ប្រទេសចំនួន៤៤ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងប្លុកនេះ។កាលពីឆ្នាំ២០២៣កន្លងទៅ បណ្តាប្រទេសសមាជិកBRICS បានបង្កើនការដោះដូរពាណិជ្ជកម្ម ជាមួយគ្នាទៅវិញទៅមកដោយប្រើប្រាស់រូបិយប័ណ្ណ ក្នុងស្រុករបស់ពួកគេ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងដើម្បីប្រឆាំងទៅនឹងឥទ្ធិពលនៃប្រាក់ដុល្លារអាមេរិក។
លោក Mahdi Safari អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានមានប្រសាសន៍ថា ការបង្កើតរូបិយប័ណ្ណរួមគ្នា នៅក្នុងក្រុមប្រទេស BRICS អាចមានប្រសិទ្ធភាពខ្លាំង។
លោក Safari បានថ្លែងកាលពីពេលថ្មីៗកន្លងទៅថា “តាមរយៈការប្រើប្រាស់រូបិយប័ណ្ណជាតិ យើងបានចាប់ផ្តើមដំណើរការ ក្នុងការលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារ ក្នុងការដោះដូរពាណិជ្ជកម្ម ហើយយើងចាប់អារម្មណ៍ ក្នុងការបន្តដំណើរការនេះ”។
ដោយសារតែមានទុនបម្រុងបរទេសដ៏ច្រើន សន្ធឹកសន្ធាប់ធនធានធម្មជាតិដ៏សម្បូរបែប ចំនួនប្រជាជនសរុបបញ្ចូលគ្នា ស្មើនឹងជាង៤០% នៃចំនួនប្រជាជនពិភពលោក និងចក្ខុវិស័យរួមសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ក្រុមប្រទេសសមាជិកBRICS បានវិវត្តន៍ទៅជាក្រុមដ៏ស្អិតរមួត ដែលមានសក្តានុពលសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្ត្រនយោបាយ៕ប្រភព: PressTV៕