ដោយៈ គង់ ហ្វីអូណា
កំពតៈ រដ្ឋបាលខេត្តកំពតបានសន្យា នឹងបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តនៅឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មីកណ្តាលក្រុងកំពតនាឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវឆ្នេរខ្សាច់កម្សាន្ត ប្របមាត់ព្រែកកំពង់បាយ ចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រ មុខសាលាខេត្តចាស់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីជំរុញពន្លឿនក្នុងការដាក់ឱ្យប្រើប្រាស់។
ក្នុងដំណើចុះពិនិត្យវឌ្ឍនភាពនេះ លោកអភិបាលខេត្តបានលើកឡើងថា ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្ត ក្នុងក្រុងកំពត រដ្ឋបាលខេត្ត នឹងរៀបចំបើកឱ្យភ្ញៀវទេសចរ ចូលលេងកម្សាន្តឆ្នេរកម្សាន្តចាប់ពីស្ពានចាស់ រហូតដល់ស្ពានថ្មី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ទោះជាឆ្នេរនេះមិនទាន់រៀបចំបានរួចរាល់១០០% ក៏ដោយ។
លោកអភិបាលខេត្តបន្តថា “ឆ្នេរកម្សាន្តមួយនេះ ជាបេះដូងនៃខេត្តកំពត ហើយក្រោយស្ថាបនារួចរាល់ នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងច្រើនដោយសារតែទីតាំងនេះ អាចបង្ករលក្ខណៈឱ្យភ្ញៀវទេសចរ អាចងូតទឹកលេងបាន”។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់អង្គភាពជំនាញ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តពន្លឿនក្នុងការស្ថាបនាផ្លូវឱ្យបានរួចរាល់មុន ពេលបុណ្យចូលឆ្នាំមកដល់ រៀបចំអនាម័យ បរិស្ថានឱ្យបានស្អាតល្អ រៀបចំភ្លើងបំភ្លឺ ពិសេសត្រូវសិក្សាដាក់តាំងភ្លើងពណ៌ដើម្បីលម្អនាពេលយប់ឱ្យមានភាពទាក់ទាញ ចាប់ពីគល់ស្ពានឥន្ទធនូ រហូតដល់ស្ពានថ្មថ្មី។
ម្យ៉ាងទៀត ចំពោះរូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់៨ម៉ែត្រ ក៏ត្រូវរៀបចំឱ្យបានរួចរាល់ នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចគ្នា ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឱ្យបានស្អាត៕