ដោយៈ ម៉ាលីនណា
ប៉េកាំងៈ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ជាមេដឹកនាំស្នូល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន តាមរយៈការដាក់ចេញ នូវគំនិតផ្តួចផ្តើមនានា រួមទាំង “គំនិតផ្តួចផ្តើមប្រទេសចិនដ៏ស្រស់ស្អាត”។
តាមទស្សនៈរបស់ លោកស៊ី ជីនពីង “ទឹកថ្លា និងភ្នំខៀវស្រងាត់” គឺជាទ្រព្យសម្បត្តិមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវការជាចាំបាច់ ក្នុងការឈានទៅបង្កើតគំរូកំណើន ដែលមិនប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនចិនប្រកបដោយនិរន្តរភាព។
ជាការពិតណាស់ ប្រទេសចិនបានសម្រេចនូវសមិទ្ធផល គួរឱ្យស្ញប់ស្ញែងជាច្រើន ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតង។ គិតត្រឹមឆ្នាំ ២០២១ ប្រទេសចិនបានកសាងរោងចក្រ បៃតងចំនួន២.៧៨៣ កន្លែង សួនឧស្សាហកម្មបៃតងចំនួន ២២៣ និងសហគ្រាសគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់បៃតងចំនួន២៩៦ ដែលទាំងអស់នេះបានរួមចំនែកជាវិជ្ជមាន ដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតង។
ទីក្រុងធំៗមួយចំនួននៅប្រទេសចិន ដែលធ្លាប់រងគ្រោះដោយអ័ព្ទពុល និងកម្រមើលឃើញពន្លឺព្រះអាទិត្យ ឥឡូវនេះទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង ការបំពុលបរិយាកាស ហើយអាចមើលឃើញផ្ទៃមេឃពណ៌ខៀវ និងទទួលបានខ្យល់អាកាសបរិសុទ្ធឡើងវិញ។
គុណភាពខ្យល់ក្នុងទីក្រុង១៣របស់ចិន មានការកើនឡើងពី ៣២% ក្នុងឆ្នាំ២០១៣ រហូតដល់៧៤% ក្នុងឆ្នាំ២០២១។ ជាមួយនឹងវឌ្ឍនភាពទាំងនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តរបៀបវារៈ អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីឆ្នាំ២០១៧ លោកស៊ី ជីនពីង បានលើកឡើងថា “យើងគួរតែប្រកាន់យក នូវទស្សនៈវិស័យថ្មីមួយ នៃការអភិវឌ្ឍបៃតងប្រកបដោយភាពចីរភាព និងកាបូនទាប” និងបានស្នើឱ្យបង្កើតនូវសម្ព័ន្ធអន្តរជាតិ សម្រាប់ការអភិវឌ្ឍបៃតង ហើយប្រទេសចិននឹងផ្តល់ការគាំទ្រ។
ជាការពិតណាស់ ខុសពីប្រទេសមួយចំនួន ចិនគឺជាប្រទេសមួយដែល “ហ៊ាននិយាយ ហើយហ៊ានធ្វើ” ហើយបានបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយបណ្តាប្រទេសនានាជាច្រើន ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន លើការអភិវឌ្ឍបៃតង។
គូសបញ្ជាក់ក្នុងសៀវភៅសស្តីពី “ការអភិវឌ្ឍបៃតងរបស់ចិន ក្នុងយុគសម័យថ្មី” ចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋចិន កាលពីខែមករា ឆ្នាំ២០២៣ ប្រទេសចិនបានចូលរួមយ៉ាងសកម្ម ក្នុងអភិបាលកិច្ចអាកាសធាតុសកល ការកសាងខ្សែក្រវាត់ និងផ្លូវបៃតង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌទេ្វភាគី និងពហុភាគី ដើម្បីជំរុញការអភិវឌ្ឍបៃតង។
ចាប់តាំងពីឆ្នាំ២០១៦មក ប្រទេសចិនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដោយបានបើកដំណើរការតំបន់ បង្ហាញការបញ្ចេញកាបូនទាបចំនួន១០កន្លែង អនុវត្តគម្រោងកាត់បន្ថយ និងបន្ស៊ាំអាកាសធាតុចំនួន១០០ គម្រោង ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដល់សិក្ខាកាមជាង១០០០នាក់ និងអនុវត្តកម្មវិធីជំនួយបរទេសស្តីពី ការប្រែប្រួលអាកាសធាតុជាង ២០០កម្មវិធី។
ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានដាក់ចេញ គំនិតផ្តួចផ្តើមសម្រាប់ភាពជាដៃគូខ្សែក្រវាត់ និងផ្លូវ ស្តីពីការអភិវឌ្ឍបៃតងជាមួយប្រទេសចំនួន ៣១ បង្កើតភាពជាដៃគូថាមពលខ្សែក្រវាត់ និងផ្លូវជាមួយ៣២ ប្រទេស និងជួយបណ្តុះបណ្តាលសិក្ខាកាមជាង៣០០០នាក់ មកពី ១២០ ប្រទេស ក្រោមកម្មវិធីបេសកជនផ្លូវសូត្របៃតង។
កាលពីខែកញ្ញាឆ្នាំ២០២០ លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានប្រកាសជាលើកដំបូងថា ប្រទេសចិននឹងសម្រេចឱ្យបាននូវ “ការបំភាយឧស្ម័នកម្រិតខ្ពស់បំផុត មុនឆ្នាំ២០៣០” និង “អព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០”។
ការប្រកាសនេះ បានធ្វើឱ្យប្រទេសចិន ដើរតួនាទីជាប្រទេសគំរូមួយលើឆាកអន្តរជាតិ ក្នុងការកសាងពិភពលោកមួយ ឆ្ពោះទៅរកការអភិវឌ្ឍបៃតង ប្រកបដោយភាពស្រស់បំព្រង បរិស្ថានល្អ និងចីរភាព។
បើនិយាយពីទំនាក់ទំនងកម្ពុជា-ចិនវិញ ក្នុងនាមជាមិត្តដែកថែប ប្រទេសចិន ក៏បានបង្កើតកិច្ចសហប្រតិបត្តិការស្តីពី ការជំរុញការអភិវឌ្ឍបៃតងជាមួយកម្ពុជាផងដែរ។
ជាក់ស្តែងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ កាលពីខែតុលា ឆ្នាំ២០២៣ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ដោយអនុវត្តនូវកិច្ចសហប្រតិបត្តិការ និងការប្តូរទស្សនៈគ្នាលើវិស័យសំខាន់ៗ។
វិស័យសំខាន់ៗទាំងនោះមានដូចជា (១) ការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី (២) ដំណោះស្រាយការប្រែប្រួលអាកាសធាតុ (៣) ការអភិវឌ្ឍបៃតង (៤) ការសន្សំសំចៃថាមពល និងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធផល (៥) ដោះស្រាយការបំពុលប្លាស្ទិក និង (៨) ការការពារបរិស្ថាន។
មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពថាមពលស្អាតដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង និងជំរុញការបង្កើតគម្រោងតំបន់បង្ហាញការបញ្ចេញកាបូនទាបកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុផងដែរ។
ដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតង របស់ចិនមិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចិនទាំង១,៤ពាន់លាននាក់ប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកជាវិជ្ជមាន ដល់កិច្ចប្រឹងប្រែងសកល ក្នុងការអនុវត្ត របៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយពណ៌បៃតង និងភាពស្រស់ស្អាតសម្រាប់មនុស្សជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕