ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសមាគមអ្នកអចលនទ្រព្យវៀតណាម (VARS) បានព្យាករណ៍ថា ប្រតិបត្តិការនៅក្នុងទីផ្សារ អចលនទ្រព្យ បែបរមណីយដ្ឋានរបស់ប្រទេសនេះ នឹងកើនឡើង៣០ភាគរយនៅឆ្នាំ២០២៤នេះ។
របាយការណ៍ដដែលបានបន្តថា កំណើនប្រតិបត្តិការអចលនទ្រព្យ នៅឆ្នាំនេះនឹងត្រូវបានជំរុញមក ពីការកើនឡើងនៃតម្រូវការ ដោយសារតែលំហូរនៃភ្ញៀវទេសចរបរទេស។ជាក់ស្តែង នៅក្នុងរយៈពេលពីរខែដំបូង ដើមឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសជាង៣លាននាក់ បានមកទស្សនាប្រទេសវៀតណាម ដោយកើនឡើង៦៨,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Nguyen Van Dinh ប្រធានសមាគមអ្នកអចលនទ្រព្យវៀតណាម (VARS) បានព្រមានថា កង្វះនៃការផ្គត់ផ្គង់ថ្មី អាចរារាំងដល់កំណើនរបស់ទីផ្សារ អចលនទ្រព្យមួយផ្នែកនេះ។លោកបានបន្ថែមថា “គម្រោងរមណីយដ្ឋានថ្មី ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន និងមិនទាន់អាចដាក់លក់បាននៅឡើយទេ”។យោងតាមទិន្នន័យពីសមាគមខាងលើ បានបង្ហាញទៀតថា ការផ្គត់ផ្គង់អចលនទ្រព្យរមណីយដ្ឋានថ្មី មានត្រឹមតែ៣.២០០យូនីតប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ដោយដាំក្បាលចុះជាង៨០% បើធៀបនឹងឆ្នាំ២០២២។
លោកDinh បានបន្តថា ស្តុកអចលនទ្រព្យ ដែលនៅសេសសល់ភាគច្រើន រួមមានដូចជា ផ្ទះវីឡាឆ្នេរប្រណីត និងផ្ទះអាជីវកម្ម ដែលម្ចាស់គម្រោងពិបាកលក់ចេញ បើទោះបីជាមានការបញ្ចុះតម្លៃយ៉ាងណាក្តី។
លោក Dinh បានព្យាករថា ស្របពេលដែលអ្នកអភិវឌ្ឍន៍កំពុងខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាផ្លូវច្បាប់ និងពន្លឿនគម្រោងអភិវឌ្ឍន៍នោះ ការផ្គត់ផ្គង់អចលនទ្រព្យរមណីយដ្ឋាន អាចកើនឡើង២០% នៅឆ្នាំនេះ ដោយក្នុងនោះ ចំនួនអាផាតម៉ិន នៅតាមមាត់សមុទ្រនឹងមានចំណែក៦០%។
បើក្រឡេកមកមើលប្រទេសថៃ គេសង្កេតឃើញថា ការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍នៅលើកោះភូកេត ដែលជំរុញដោយភ្ញៀវទេសចរណ៍រុស្ស៊ី និងចិន បានជំរុញឱ្យតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់កប់ពពក។
ជាក់ស្តែង គម្រោងលំនៅដ្ឋាន ដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Thai Central Group នឹងរួមមាន លំនៅដ្ឋានប្រមាណ១៩០យូនីត ដែលមានតម្លៃទុនវិនិយោ គសរុបចំនួន១៣៩លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់ការសាងសង់ រួចរាល់នៅចុងឆ្នាំ២០២៦ខាងមុខ ខណៈខុនដូនៅក្នុងគម្រោងនេះ មានតម្លៃចាប់ពី៣៣៤.៣០០ដុល្លារអាមេរិកឡើងទៅ។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យកាណាដា Colliers បានឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូនៅលើកោះភូកេត បានកើនឡើងដល់៨.៧០០យូនីត ក្នុងឆ្នាំ២០២៣ ដែលកើនឡើងទ្វេរដង បើធៀបនឹងកម្រិតក្នុងឆ្នាំ២០១៩។
លោក Maetapong Upatising ប្រធានសមាគមអចលនទ្រព្យនៃកោះភូកេត បានលើកឡើងថា តម្លៃដីដែលស្ថិតក្នុងទីតាំងល្អៗនៅលើកោះមួយនេះ បានកើនឡើងជាមធ្យមពី៣លានបាត ដល់៨ ទៅ៩លានបាតក្នុងមួយរ៉ៃ ឬស្មើនឹង៤.០០០ម៉ែត្រការ៉េ។
ចំណែក លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand រំពឹងថា តម្លៃដីនៅកោះភូកេតនឹងកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ ចន្លោះពី៨ ទៅដល់១០% ដែលជំរុញឱ្យតម្លៃផ្ទះវីឡា កើនឡើងជាបន្តបន្ទាប់ ជាពិសេសផ្ទះដែលស្ថិតនៅតាមឆ្នេរខ្សាច់តែម្តង៕ប្រភព: Vnexpress៕