តើលោក ចូ បៃដិន និងលោកស៊ីជីនពីង ព្រមាននិងផ្លែផ្កាដាក់គ្នាបែបណាខ្លះ ក្នុងកិច្ចពិភាក្សាតាមការហៅទូរស័ព្ទ?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន និង​ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង បាន​បើកកិច្ចពិភាក្សាមួយ តាមរយៈការហៅទូរស័ព្ទ​ ​ដើម្បី​កាត់បន្ថយភាព​តានតឹង​រវាង​ប្រទេស​មហាអំណាចពិភពលោកទាំង២។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំកំពូលចិន និងអាមេរិក បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលថ្មីៗនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងគ្រឿងញៀន។

ប៉ុន្តែភាគីទាំង២ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង លើបញ្ហាកោះតៃវ៉ាន់ និងបញ្ហាសេដ្ឋកិច្ច ដោយលោក បៃដិន បានសង្កត់ធ្ងន់លើការគាំទ្រតៃវ៉ាន់ ប៉ុន្តែលោកស៊ី ជីនពីង បានហៅការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូងថាជា “បន្ទាត់ក្រហម”។

ទន្ទឹមនឹងនេះ លោក ស៊ី បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះតៃវ៉ាន់ និងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រ​ទេសចិន ពុំមែនជាការកាត់បន្ថយហានិភ័យទេ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាការបង្កើតហានិភ័យ។

ជាមួយគ្នានេះ លោក ស៊ី ក៏បានលើកយកបញ្ហាទណ្ឌកម្ម ដែលសហរដ្ឋអាមេរិក បានដាក់ទៅលើប្រទេសចិន និងក្រុមហ៊ុនចិន ដោយលោកបានហៅទណ្ឌកម្មរបស់អាមេរិក ថាជា “លំហូរគ្មានទីបញ្ចប់នៃវិធានការណ៍ ដើម្បីគាបសង្កត់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន”។

លោក ស៊ី ជីនពីងបានព្រមានថា “ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តគាបសង្កត់ លើការអភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់ និងដកហូតសិទ្ធិស្របច្បាប់របស់ប្រទេសចិន នៅក្នុងការអភិវឌ្ឍន៍ នោះយើងនឹងមិនអង្គុយស្ងៀមទៀតឡើយ”។

ចំណែកឯ លោក ចូ បៃដិន វិញបានសង្កត់ធ្ងន់លើទស្សនៈរបស់សហរដ្ឋអាមេរិក យ៉ាងដូច្នេះថា “វាចាំបាច់ណាស់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងនីតិរដ្ឋ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង”។

យោងតាមប្រភពពីសេតវិមានបានឱ្យដឹងថា លោក បៃដិន ក៏បានជំទាស់នឹងលោក ស៊ី ជីនពីង ចំពោះការបន្តគាំទ្ររបស់ទីក្រុងប៉េកាំង សម្រាប់មូលដ្ឋានឧស្សាហកម្មការពារជាតិ របស់ប្រទេសរុស្ស៊ី គោលនយោបាយពាណិជ្ជកម្មរបស់ចិន និងការគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សេតវិមាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានពណ៌នាថា “ការសន្ទនានេះ ប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងមានលក្ខណៈស្ថាបនា”។

ប្រធានបទសំខាន់ៗនៅក្នុងការសន្ទនា រួមមានចាប់ពី ក្តីកង្វល់ចំពោះបញ្ញាសិប្បនិម្មិត (AI) រហូតដល់ទំនាក់ទំនងយោធា៕ប្រភព៖BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here