ដោយ: គង់ លាងហួរ
តៃប៉ិ: កាលពីថ្ងៃពុធ ទី៣ ខែមេសាម្សិលមិញនេះ គ្រោះរញ្ជួយដ៏ខ្លាំងកម្រិត៧,២រ៉ិចទ័រ នៅកោះតៃវ៉ាន់ បានបណ្តាលឱ្យមនុស្សជាច្រើនបាត់ខ្លួន និងរងរបួសរាប់ពាន់នាក់ រីឯអគារជាច្រើនខ្នងបានដួលទ្រេត។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅត្រង់ថា អគារខ្ពស់កបពពកមួយនៅកោះតៃវ៉ាន់ ឈ្មោះ Taipei 101 building បែរជាឈរនៅមានលំនឹងរឹងមាំធម្មតា ខុសប្លែកពីអគារដទៃទៀតជាច្រើន ដែលដួលទ្រេត ដោយសារគ្រោះមហន្តរាយរញ្ជួយដីកាលពីម្សិលមិញ។
មូលហេតុនោះគឺ ក្រុមហ៊ុន C.Y. Lee & Partners ដែលជាក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុក បានរចនាអគារខ្ពស់កប់ពពកនេះឡើងឱ្យមានភាពបត់បែនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការរញ្ជួយដី និងខ្យល់ព្យុះទីហ្វុង ដែលតែងតែកើតមាននៅកោះតៃវ៉ាន់។
អគារខ្ពស់កប់ពពករបស់តៃវ៉ាន់ Taipei 101 building មានបំពាក់ឧបករណ៍ពិសេស ដើម្បីការពារខ្លួនពីការរញ្ជួយដី និងខ្យល់បក់ខ្លាំង។ ឧបករណ៍ ដែលជួយទប់អគារឱ្យមានលំនឹង គឺប៉ោលដែក ដែលមានទម្ងន់៦៦០តោន ត្រូវបានព្យួរនៅចម្ងាយ ជាង៣០៥ម៉ែត្រពីលើដី។
ប៉ោលដ៏ល្បីនេះ បានជួយទប់លំនឹងអគារ Taipei 101 building ឲ្យរួចផុតពីការរញ្ជួយដីកម្រិត៧,៤ រ៉ិចទ័រចុងក្រោយដែលបានវាយប្រហារមកលើកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ។
ប៉ោលនេះអាចកាត់បន្ថយ ចលនារបស់អគារចំនួន៤០ភាគរយ និងមានសមត្ថភាពផ្លាស់ទីប្រហែល៥ហ្វីត ពីចំហៀងម្ខាងទៅកាន់ចំហៀងម្ខាងទៀត។ ប៉ោកដែករាងមូលទម្ងន់៦៦០តោននេះ ត្រូវបានព្យួរនៅចន្លោះជាន់ទី៨៧ និងជាន់ទី៩២ នៃអគារ។
អគារ Taipei 101 building ធ្លាប់ជាប់ចំណាត់ថ្នាក់ជាអគារខ្ពស់ជាងគេបំផុតទី១នៅលើពិភពលោក នៅពេលដែលអគារនេះត្រូវបានសាងសង់រួចរាល់ ក្នុងឆ្នាំ២០០៤ ដែលមានចំនួន១០១ជាន់ និងមានកម្ពស់៥០៨ម៉ែត្រ។
ប៉ុន្តែនៅក្នុងឆ្នាំ២០០៩ អគារ Burj Khalifa នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម(UAE) ដែលមានកម្ពស់៨២៨ម៉ែត្រ បានវ៉ាដាច់ក្លាយជាអគារខ្ពស់ជាងគេបំផុតទី១ នៅលើពិភពលោក គិតមកទល់នឹងពេលនេះ៕ប្រភព: Business Insider៕