ដោយៈ ជេស៊ីកា
ភ្នំពេញៈ រាជធានីភ្នំពេញ បានបង្ហាញនូវល្បឿននៃការអភិវឌ្ឈយ៉ាងលឿន ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងកំណើនប្រជាសាស្រ្ត នគរូបនីយកម្ម និងបញ្ហាប្រឈមផ្នែកលំហូរចរាចរណ៍។
ក្រុមហ៊ុនអភិវឌ្ឍន៍លំដាប់យក្សក្នុងស្រុក នោះគឺក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) បាននិងកំពុងអភិវឌ្ឍន៍ទីក្រុងនរា ដែលជាផ្នែកមួយនៃគម្រោងដ៏ធំក្រោមទឹកប្រាក់$២,៥លានដុល្លារ លើផ្ទៃដីទំហំជាង១២៥ហិកតា។
ក្រុមហ៊ុនបានអោយដឹងថា គោលដៅរបស់យើងសម្រាប់ការវិនិយោគ និងការអភិវឌ្ឍគឺបង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្មជាតិ និងអន្តរជាតិ រួមទាំងតំបន់លំនៅឋានប្រណីតៗ។ ទីតាំងសំខាន់បំផុតនៃទីក្រុង នឹងមានការសាងសង់អគារខ្ពស់កម្ពស់៥៥៥ម៉ែត្រ បែរមុខទៅទន្លេមេគង្គ និងទន្លេបាសាក់។
ការអភិវឌ្ឍន៍ទាំងនេះ និងគម្រោងដែលបានរាយបញ្ជីខាងក្រោមបានធ្វើឱ្យតម្លៃដី នៅតំបន់ច្បារអំពៅហក់ឡើងដល់ ២០០០ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ ខណៈតម្លៃជួលក៏ឡើងថ្លៃផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន OCIC បានប្រកាសថា នឹងសាងសង់អគារថ្មីមួយ ដែលនឹងជាប់ចំណាត់ថ្នាក់ជាអគារខ្ពស់ជាងគេ នៅកម្ពុជាដែលមានកម្ពស់ជាង៥០០ម៉ែត្រ។ អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាង បានបញ្ជាក់អំពីគម្រោងនេះ ប៉ុន្តែមិនលម្អិតនោះទេ។
ក្រុមហ៊ុន OCIC មានទំនុកចិត្តថា ការចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ធំនេះ ដើម្បីទាក់ទាញការវិនិយោគនៅក្នុងទីក្រុង វានឹងជួយធ្វើឱ្យរាជធានីភ្នំពេញ និងប្រទេសកម្ពុជា កាន់តែមានភាពទាក់ទាញនៅក្នុងតំបន់។
ការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅកោះនរា
ដើម្បីបង្កើនភាពរីកចម្រើននៅក្នុងតំបន់នេះ នៅភាគអាគ្នេយ៍នៃទីក្រុងភ្នំពេញ ការអភិវឌ្ឍន៍កាន់តែច្រើន ធនធានថ្មីៗ និងលំនៅថានប្រភេទផ្សេងៗគ្នាមានន័យថា តំបន់នេះត្រូវមានភាពទាក់ទាញ ដោយផ្សារទំនើប និងសកម្មភាពថ្មីៗបានបើករួចហើយនៅកោះនរា។
ស្ពានកោះនរា
ស្ពានយោងដោយខ្សែកាបនេះ បានបញ្ចប់ការសាងសង់ក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីបានសាងសង់អស់រយៈពេល៣ ឆ្នាំ ដោយបានភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ឆ្លងកាត់ទន្លេបាសាក់ ដែលជាការបើកចំហបន្ថែមទៀត នូវទស្សនវិស័យនៃការអភិវឌ្ឍន៍ និងអចលនទ្រព្យ។
ក្រុមហ៊ុនCBRE បាននិយាយកាលពីមុន បន្ទាប់ពីស្ពាននេះបើកដំណើរការថា តម្លៃដីជាមធ្យមនៅក្នុងតំបន់នេះ ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងពី៨០០ ដុល្លារទៅ១៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាមួយនឹងមាត់ទន្លេរ ដែលត្រូវបានគេមើលឃើញថា ជាអចលនទ្រព្យដ៏សំខាន់។
ស្ពាននេះត្រូវបានគេមើលឃើញថា ជាការអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងរាជធានីភ្នំពេញ ដោយសារវាបានជួយសម្រួល ការកកស្ទះចរាចរណ៍ និងជាផ្លូវតភ្ជាប់ដ៏សំខាន់រវាងផ្នែកខាងកើត និងខាងលិចនៃទីក្រុង ព្រមទាំងតភ្ជាប់បណ្តាខណ្ឌដែលកំពុងរីកចម្រើន។
ស្ពានកោះនរា មានប្រវែង៨២៤ម៉ែត្រ ទទឹង ២០.៥ម៉ែត្រ ហើយបានចំណាយថវិការអស់ ប្រមាណ៣៨លានដុល្លារ។ វាបានក្លាយជាកន្លែងដ៏ពេញនិយម នៅក្នុងទីក្រុងរួចទៅហើយ ហើយជាស្ពានមួយក្នុងចំណោមស្ពានជាច្រើន ដែលទើបសាងសង់រួច។
ស្ពានព្រែកប្រា
ស្ពានព្រែកប្រា តភ្ជាប់ទៅកាន់មហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ ត្រូវបានប្រកាសកាលពីខែសីហា ឆ្នាំ២៩២៣ ជាមួយនឹងគម្រោងថវិកា ប្រមាណចំនួន៦០លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមដំណើរការ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ពោលគឺមិនរំពឹងថានឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២៧ នោះទេ។
ស្ពាននេះ នឹងលាតសន្ធឹងពីចាក់អង្រែក្រោម ខណ្ឌមានជ័យទៅខាងត្បូងក្រុង និងកាត់ទន្លេបាសាក់ទៅព្រែកប្រា (ស្ថិតក្នុងខណ្ឌច្បារអំពៅ) ហើយពេលសាងសង់រួចរាល់នឹងមានប្រវែង៨៤៥ម៉ែត្រ និងបែងចែកជា៤គន្លង។
គម្រោង Koh Norea Parkway
គម្រោងនេះគឺជាការអភិវឌ្ឍន៍មួយទៀត ពីក្រុមហ៊ុនOCIC ដែលបានបើកដំណើរការ នៅចុងឆ្នាំ២០២៣ ដោយផ្តល់ជូនយូនីតលក់រាយចំនួន២០ នៅតាមបណ្តោយច្រាំងទន្លេរ ក្នុងខណ្ឌច្បារអំពៅ ព្រមទាំងផ្លូវមាត់ទន្លេរ ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងភ្ញៀវទេសចរ។
គម្រោងនេះត្រូវបានបំផុសគំនិតដោយធម្មជាតិ និងមានបំណងបញ្ចូលទេសភាពជាមួយផ្ទៃទន្លេ – គម្រោងបើកលក់រាយគ្រោងនឹងធ្វើឡើងស្របពេល នឹងការបើកសម្ពោធជាផ្លូវការនូវស្ពាន ដែលមានតម្លៃជិត៤០លានដុល្លារនៅឆ្នាំ២០២៣។
ទីតាំងទាក់ទាញសំខាន់ៗផ្សេងទៀតនៅកោះនរា និងតំបន់ជុំវិញ
- The Park Community Mall ផ្តល់ជូនជម្រើសអាហារ ហាងកាហ្វេ ហាងទំនិញ និងសេវាកម្មផ្សេងៗទៀត។
- PH Euro Park អភិវឌ្ឍដោយ ប៉េង ហួត បានក្លាយជាគោលដៅកម្សាន្តសម្រាប់អ្នកទស្សនា។
- Ground Market បានបើកដំណើរការ នៅកោះនរាក្នុងឆ្នាំ2023ដែលមានទីតាំង នៅទល់មុខសាលាអន្តរជាតិ CIA ។ ក្រុមអភិវឌ្ឍន៍ត្រូវបានកោតសរសើរ ចំពោះការផ្តល់ឱ្យអ្នកទស្សនា នូវបទពិសោធន៍ដ៏គួរឱ្យរំភើប បរិយាកាសល្អ និងការកម្សាន្តចម្រុះ។
- KHMER Streatផ្សារអាហាររាត្រី ត្រូវបានបើកដំណើរការនៅដើមឆ្នាំ២០២៤ ហើយផ្តល់ជូននូវម្ហូបខ្មែរ និងបរទេស ក៏ដូចជា ការប្រគុំតន្ត្រី ការសំដែងវប្បធម៌ និងហ្គេមកម្សាន្តជាដើម។
បន្ថែមពីលើការធ្វើផែនការ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវចំណាយ លើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ សកម្មភាពចម្រុះ ក៏ដូចជាសក្តានុពល សម្រាប់ទីផ្សារអចលនទ្រព្យមានតម្លៃខ្ពស់ មានន័យថាកោះនរា និងតំបន់ជុំវិញនៃខណ្ឌច្បារអំពៅ គួរតែជាតំបន់ដែលមានសក្តានុពលដែលអ្នកតាំងទីលំនៅថ្មី អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍គួរតែបន្តតាមដាន៕