ការសិក្សាថ្មីៈ អាកាសធាតុក្តៅកំពុងបង្កជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់ប្រទេសសិង្ហបុរី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយ ដោយសាកលវិទ្យាល័យជាតិសិង្ហបុរីបានបង្ហាញថា សិង្ហបុរីអាចជួបប្រទះ ការខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន១,៦៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥ ដោយសារការកើនឡើងកំដៅផែនដី។

តួលេខខាងលើនេះ បង្ហាញសញ្ញាពីការកើនឡើងជិត២ដង បើប្រៀបធៀបនឹងកម្រិតមុនផ្ទុះ ជំងឺរាតត្បាតក្នុងឆ្នាំ២០១៨ ខណៈអាកាសធាតុក្តៅ បានធ្វើឱ្យផលិតភាពការងារថយចុះ។

បើក្រឡេកត្រលប់ទៅកាន់ឆ្នាំ២០១៨ ការកើនឡើងកំដៅផែនដី បានបណ្តាលឱ្យផលិតភាព នៅក្នុងវិស័យសេដ្ឋកិច្ចធំៗទាំង៤របស់សិង្ហបុរី ដូចជា សេវាកម្ម សំណង់ ផលិតកម្ម និងកសិកម្មធ្លាក់ចុះជាមធ្យមប្រមាណ១១,៣% ហើយស្ថានភាពនេះបានវិវឌ្ឍន៍កាន់តែអាក្រក់ទៅៗ។យោងតាមរបាយការណ៍ស្រាវជ្រាវ ដែលដាក់ចំណងជើងថា “Project HeatSafe” បានបង្ហាញថា ផលិតភាពការងារ ត្រូវបានគេរំពឹងថា នឹងដាំក្បាលចុះ១៤% នៅឆ្នាំ២០៣៥ ដែលនាំឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន១,៦៤ពាន់លានដុល្លារ។

ការសិក្សាបង្ហាញទៀតថា ការខាតបង់នឹងមានកម្រិតខ្ពស់ជាងនេះឆ្ងាយណាស់ចំពោះ កម្មករ ដែលប្រឈមនឹងលក្ខខណ្ឌបរិស្ថានមិនល្អ ដូចជា អ្នកដែលធ្វើការនៅក្រោមពន្លឺព្រះអាទិត្យ ឬការងារប៉ះពាល់នឹងប្រភពកំដៅផ្សេងទៀត ដូចជាម៉ាស៊ីនជាដើម។

ការសិក្សាប៉ាន់ប្រមាណថា អាកាសធាតុក្តៅ នឹងធ្វើឱ្យផលិតភាពការងាររបស់កម្មករធ្លាក់ចុះ នៅក្នុងអំឡុងម៉ោងធ្វើការ ដែលនាំឱ្យពួកគេបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ជាមធ្យមប្រមាណ១៥,៥៤ដុល្លារក្នុងម្នាក់។

គម្រោង Project HeatSafe គឺជាគម្រោងសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំដំបូងគេ នៅក្នុងប្រទេសសិង្ហបុរី ក៏ដូចជាតំបន់ ដែលបង្កើតឡើង ក្នុងគោលបំណងវាយតម្លៃ ពីផលប៉ះពាល់នៃការកើនឡើងកំដៅទៅលើផលិតភាព និងសុខភាពលើកម្រិតបុគ្គលម្នាក់ៗ និងម៉ាក្រូសេដ្ឋកិច្ច៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here