ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei មើលឃើញសក្តានុពលដ៏ធំ នៅក្នុងប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei Technologies Co Ltd របស់ប្រទេសចិន បានព្រមព្រៀងគ្នា ក្នុងការលើកកម្ពស់ការធ្វើឌីជីថលនីយកម្ម នៃវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។

ផែនការនេះធ្វើឡើង ស្របទៅតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០២៥(CDESPF) និងគោលនយោបាយ អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣-២០២៨(CFTDP)។

ការឯកភាពគ្នានេះត្រូវបានប្រកាសឡើង ក្នុងឱកាសដែលលោក Tao Guangyao ប្រធានក្រុមហ៊ុន Huawei Southeast Asia Multi Country Management និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies (Cambodia) Co Ltd បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី២ ខែមេសា។

គំនិតផ្តួចផ្តើមរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុន Huawei Cambodia នឹងចូលរួមចំណែកក្នុងការអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០២៥(CDESPF) និងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣-២០២៨(CFTDP) ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1 របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកTao ក៏បានជួបជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (MoC) ដោយពិភាក្សាអំពីបញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះ លោក Tao បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្មកម្ពុជា ចំពោះការបន្តគាំទ្រកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន និងបានស្នើសុំអនុសាសន៍មួយចំនួន ពីលោកស្រីរដ្ឋមន្ត្រី ដើម្បីបំពេញប្រតិបត្តិការប្រកបដោយជោគជ័យនៅកម្ពុជា។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា (CCCA) បានថ្លែងថា “ប្រទេសរបស់យើង មានអត្រាទូទាត់តាមប្រព័ន្ធឌីជីថលខ្ពស់បំផុត ក្នុងចំណោមសមភាគីអាស៊ាន ដោយប្រតិ បត្តិការទូទាត់បែបនេះ បានកើនឡើងដល់ទំហំទឹកប្រាក់៧៥,៨ពាន់លានដុល្លារ ដែលស្មើនឹង២,៤ដង នៃផលទុនជាតិសរុបរបស់កម្ពុជា។នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)។

លោកបានបន្តថា “ក្រុមហ៊ុន Huawei មើលឃើញសក្តានុពលដ៏ធំសម្បើមរបស់ប្រទេសកម្ពុជា តាមរយៈការអនុម័តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០២៥  ដែលលទ្ធផលត្រូវបានស្តែងឱ្យឃើញ តាមរយៈកំណើននៃការចុះឈ្មោះ បង្កើតគណនីកាបូបអេឡិចត្រូនិក និងកំណើនប្រតិបត្តិការទូទាត់ឌីជីថលជារៀងរាល់ឆ្នាំ”។

លោកបានគូសបញ្ជាក់ថា “ទោះបីជាឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជា ទើបតែស្ថិតក្នុងដំណាក់កាល អភិវឌ្ឍន៍ដំបូងយ៉ាងណាក្តី ប៉ុន្តែការអនុម័តគោលនយោបាយទាន់ពេលវេលា មិនត្រឹមតែផ្តល់នូវក្របខ័ណ្ឌច្បាប់ ដ៏រឹងមាំមួយសម្រាប់ដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍សម្រាប់ឆ្ពោះ ទៅកសាងប្រព័ន្ធមូលដ្ឋានហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏រឹងមាំ ស្របពេលដែលមានការផ្លាស់ប្តូរថាមវន្ត និងនិន្នាការពាណិជ្ជកម្មនៅក្នុងសេដ្ឋកិច្ចថ្នាក់តំបន់”។

តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Huawei ក៏នឹងដើរតួនាទីដ៏សំខាន់មួយផងដែរ ក្នុងការពន្លឿនទិដ្ឋភាពសេដ្ឋកិច្ច ឌីជីថលរបស់កម្ពុជា និងណែនាំបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី និងទាន់សម័យ ដែលនឹងចូលរួមចំណែ​កកសាងប្រព័ន្ធហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏រឹងមាំ ក្នុងយុគសម័យឌីជីថល៕ប្រភព:Khmer Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here