ឥណ្ឌូនេស៊ីបង្កើតបានផ្លូវដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ប្រទេសចិន ដោយមិនបាច់ឆ្លងកាត់សិង្ហបុរី

0

ដោយ: គង់ លាងហួរ

ហ្សាការតា: អាជ្ញាធរទីក្រុងដែនកោះ Batam នៃខេត្តRiau Islands របស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមបើកប្រតិបត្តិការដឹកជញ្ជូនទំនិញដោយផ្ទាល់ពីកំពង់ផែ Batuampar ទៅកាន់ខេត្ត Guangzhou និងខេត្តShenzhenរបស់ប្រទេសចិន ដើម្បីជំរុញពា​ណិ​ជ្ជកម្មរវាងប្រទេសទាំង២។

សេវាកម្មដឹកជញ្ជូនដោយផ្ទាល់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយសហគ្រាសរដ្ឋ Persero Batam និងទីភ្នាក់ងារសម្បទាន Batam សហការជាមួយក្រុមហ៊ុនដឹកជញ្ជូន SITC International Holdings ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

លោក Arham S. Torik នាយកសហគ្រាស Persero Batam  បានលើកឡើងថា ការដឹកជញ្ជូននេះ បានប្រើប្រាស់កប៉ាល់ MV SITC Hakata ដែលមានសមត្ថភាពផ្ទុកចំនួន១.០០០ TEUs  ខណៈកប៉ាល់ នឹងត្រូវចេញដំណើរជាប្រចាំរៀងរាល់ថ្ងៃអាទិត្យ។
លោក Torik បានបន្តថា “ក្រុមហ៊ុន SITC នឹងបើកដំណើរការកប៉ាល់ចំនួន៣គ្រឿង ដើម្បីធានាបាននូវការដឹកជញ្ជូន ប្រកបដោយភាពរលូន ។ នៅក្នុងការដឹកជញ្ជូនលើកដំបូងនេះ ពីទីក្រុងដែនកោះ Batam ទៅកាន់ប្រទេសចិន យើងនឹងដឹកជញ្ជូនទំនិញចំនួន១០០កុងតឺន័រ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT Eco Green”។

លោកបានបន្ថែមថា ក្រុមហ៊ុននាំចេញចំនួន៥ បានចូលរួមក្នុងផ្លូវដឹកជញ្ជូនដោយផ្ទាល់នេះរួចមកហើយ ដោយលោកសង្ឃឹមថា នឹងមានក្រុមហ៊ុនជាច្រើនទៀតចូលរួម។

លោក​បាន​បញ្ជាក់ថា​ “ការដឹកជញ្ជូនដោយផ្ទាល់​នេះ អាច​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន ​ចំនួន៦០០ដុល្លារ​អាមេរិក​ បើ​ប្រៀបធៀប​នឹង​ការ​ដឹកជញ្ជូនដោយឆ្លង​កាត់​ប្រទេសសិង្ហបុរី”។

ជាមួយគ្នានេះ លោក Muhammad Rudi អភិបាលក្រុង Batam ក៏បានកោតសរសើរ ចំពោះប្រតិបត្តិការនៃការដឹកជញ្ជូន ដោយផ្ទាល់ពីទីក្រុង Batam ទៅកាន់ប្រទេសចិន។

លោក Rudi បានបន្ថែមថា “នាពេលអនាគត យើងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់នៅទីក្រុង Batam  អាចទាញយកអត្ថប្រយោជន៍ពីការដឹកជញ្ជូន ដោយផ្ទាល់ទៅកាន់ប្រទេសចិន។ ឥឡូវនេះ យើងបង្កើតបានផ្លូវដឹកជញ្ជូនដោយផ្ទាល់ហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here