ដោយៈ គង់ សូរិយា
កំពតៈ អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបាននិងកំពុងចាប់ផ្តើមសាងសង់ និងចាក់បេតុង លើផ្លូវតភ្ជាប់ពីចំណុចវាលស្រែ៥០០ ទៅកាន់ផ្លូវជាតិលេខ៤ហើយ។
ក្រុមហ៊ុនសុខាអូតែល បានប្រើប្រាស់អ្នកជំនាញការជាតិ អន្តរជាតិ ក្នុងការកសាងផ្លូវមួយខ្សែនេះ ដោយប្រើប្រាស់ប្រព័ន្ឋGoogle Map ដើម្បីត្រួសត្រាយតម្រាយផ្លួវនេះ ដែលជាផ្លូវថ្មី ត្រូវសាងសង់ពុះកាត់ភ្នំ ផ្ទាំងថ្មធំៗ អូរ និងជ្រោះធំៗជាច្រើន ។
អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ផ្លូវថ្មីនេះ នឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកំពស់សេដ្ឋកិច្ចនៅក្នុងខេត្តកំពត ពិសេសជម្រុញការអភិវឌ្ឍទីក្រុងបូកគោ កាន់តែសកម្ម និងរសរវើកថែមទៀត ខណៈរហូតមកទល់ពេលនេះ ក្រុមហ៊ុនសុខាអូតែល បានចំណាយប្រាក់ចន្លោះពី៤០០ ទៅ៥០០លានដុល្លាររួចហើយ ដើម្បីវិនិយោគនៅទីក្រុងនេះ។
បច្ចុប្បន្នក្រុមហ៊ុនសុខាអូតែល បាននិងកំពុងសាងសង់ពុទ្ឋបដិមាទ្រង់ព្រះភ្នែន កំពស់១០៨ម៉ែត្រ ដែលជាកំពស់ខ្ពស់ជាងគេនៅលើពិភពលោក។
ជំនួយការផ្ទាល់របស់អ្នកឧកញ៉ាសុខ គង់បានបញ្ជាក់ឲ្យដឹងកាលពីសប្តាហ៍មុនថា ផ្លូវកំពុងចាក់បេតុងបណ្តើរៗហើយ។ ចំណែកតម្លៃគម្រោងសាងសង់ផ្លូវនេះ មិនទាន់ដឹងនៅឡើយទេ។
ទោះជាយ៉ាងណា លោកមិនអាចបញ្ជាក់លំអិតបាននៅឡើយទេ ប៉ុន្តែយ៉ាងណាផ្លូវនេះ ទំនងជាត្រូវបញ្ចប់និងដាក់ឲ្យប្រើប្រាស់ដំណាលគ្នា នឹងពេលបញ្ចប់ការសាងសង់ពុទ្ឋបដិមាកំពស់១០៨ នៅចំណុចវាលស្រែ៥០០ផងដែរ ខណៈមានការរំពឹងថា ពុទ្ឋបដិមានេះនឹងទាក់ទាញពុទ្ឋបរិស័ទខ្មែរ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិរាប់ម៉ឺននាក់ធ្វើពិធីបន់ស្រន់ និងពិធីបែបពុទ្ឋសាសនា នៅទីតាំងព្រះពុទ្ឋរូបដ៏ខ្ពស់នេះ៕