ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត្តឱ្យក្រុមហ៊ុន SCA ដែលកំពុងប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន អាចដើរតួនាទីជាប្រតិបត្តិករ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ពេលចាប់ផ្តើមដាក់ឱ្យដំណើរការ បន្ទាប់ពីបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការប្រគល់សិទ្ធិនេះធ្វើឡើង បន្ទាប់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (ហៅកាត់ SCA) ស្តីពីគោលការណ៍សម្រាប់ការស្តារសមតុល្យហិរញ្ញវត្ថុ នៃកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា បន្ទាប់ពីការចុះកិច្ចព្រៀងព្រៀងនេះ រាជរដ្ឋាភិបាលនឹងប្រគល់ឱ្យក្រុមហ៊ុន SCA ដើរតួនាទីជាប្រតិបត្តិករ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ពេលចាប់ផ្តើមដាក់ឱ្យដំណើរការ។
លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្ថែមរយៈពេលឱ្យក្រុមហ៊ុន SCA ធ្វើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ”។
លោកម៉ៅ ហាវណ្ណាល់បានបន្តថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ ក្រុមហ៊ុនបារាំងSCA ដើម្បីបន្តបង្កើតគុណតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់សេវាកម្មគ្រប់គ្រងអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ។
លោកបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ ការសាងសង់សម្រេចបានប្រមាណ៦៨.៨% នៃ គម្រោងទាំងមូល ហើយគ្រោងនឹងបើកឱ្យដំណើរការ នៅឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះ។
កាលពីឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការវិនិយោគឱ្យក្រុមហ៊ុនSCA អភិវឌ្ឍន៍សាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគឱ្យក្រុមហ៊ុនបារាំងនេះ ធ្វើការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយាន ដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ថ្នាក់ 4E លើផ្ទៃដីទំហំ៦៨២ហិកតា៕