ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញខ្សែសង្វាក់ផ្គត់ផ្គង់ បង្ហាញក្តីព្រួយបារម្ភថា គម្រោងខ្នាតយក្ស Land Bridge របស់ប្រទេសថៃ អាចនឹងជះផលប៉ះពាល់ ទៅលើអនាគតនៃការនាំចេញផ្លូវសមុទ្រ របស់ប្រទេសជិតខាងដូចជាម៉ាឡេស៊ី និងសិង្ហបុរី។
លោកសាស្ត្រាចារ្យ Premkumar Rajagopal នាយកប្រតិបត្តិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាម៉ាឡេស៊ី បានអះអាងថា “ដំណាក់កាលទី១នៃគម្រោងLand Bridgeនេះ គឺការសាងសង់ស្ពានតភ្ជាប់ពីខេត្ត Chumphon ទៅកាន់ខេត្ត Ranong ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ នឹងកំណត់ឡើងវិញនូវសក្ដានុពលពាណិជ្ជកម្មក្នុងតំបន់”។
គម្រោង Land Bridge ប្រវែង៩០គីឡូម៉ែត្រនេះ ដែលត្រូវបានរំពឹងថា នឹងបញ្ចប់ការស្ថាបនារួចរាល់ទាំងស្រុង នៅឆ្នាំ២០៣៩ នឹងជះផលប៉ះពាល់ទៅលើសក្តានុពលសេដ្ឋកិច្ច និងទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី។
លោកបានបន្តថា “នៅពេលសាងសង់រួចរាល់ គំរោងLandbridge នឹងបង្វែរការដឹកជញ្ជូនចេញឆ្ងាយ ពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដោយសារគម្រោងនេះ នឹងបង្កើតផ្លូវពាណិជ្ជកម្មថ្មី ដែលតភ្ជាប់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក និងកាត់បន្ថយពេលវេលាដឹកជញ្ជូន តាមច្រកសមុទ្រម៉ាឡាកាពី១៥ថ្ងៃ មកនៅត្រឹមតែ៩ថ្ងៃប៉ុណ្ណោះ”។
គម្រោង Land Bridge រួមមាន កំពង់ផែសមុទ្រជ្រៅចំនួន២ ដែលនឹងត្រូវបានតភ្ជាប់គ្នា ដោយប្រព័ន្ធផ្លូវដែក និងផ្លូវថ្នល់។ កំពង់ផែចំនួន១ នឹងមានទីតាំងនៅខេត្ត Chumphon នៅលើឈូងសមុទ្រថៃ ខណៈកំពង់ផែមួយទៀតនឹងស្ថិតនៅក្នុងខេត្ត Ranong នៅលើសមុទ្រ Andaman ។
លោកសាស្ត្រាចារ្យ Premkumar បានគូសបញ្ជាក់ថា “ការដឹកជញ្ជូនពីកំពង់ផែ Ranong ទៅកាន់ប្រទេសឥណ្ឌា តំបន់មជ្ឈិមបូព៌ា តំបន់អាហ្វ្រិក និងតំបន់អឺរ៉ុបអាចចំណាយពេលចាប់ពី៧ ទៅដល់៣០ថ្ងៃ ខណៈការធ្វើដំណើរពីភាគខាងត្បូង នៃប្រទេសចិនទៅកាន់កំពង់ផែ Ranong នឹងចំណាយពេលមិនលើសពី៥ថ្ងៃឡើយ”។
លោកបានបន្ថែមថា “ការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្ម ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយសារគម្រោងLand Bridge អាចជះឥទ្ធិពលយ៉ាងធំធេងទៅលើកំពង់ផែ Westports និងកំពង់ផែ Tanjung Pelepas ដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចម៉ាឡេស៊ី”។
ទោះជាយ៉ាងណាក្តី លោក Premkumar បានព្រមានថា “ចម្ងាយធ្វើដំណើរខ្លី អាចផ្តល់នូវការសន្សំថ្លៃដើម សម្រាប់ការដឹកជញ្ជូនមួយចំនួន ប៉ុន្តែការកើនឡើងថ្លៃសេវាគ្រប់គ្រង និងភាពស្មុគស្មាញផ្នែកភស្តុភារ ដែលអាចបង្កបញ្ហាប្រឈមសម្រាប់ប្រជាជនថៃ”៕ប្រភព: The Sun៕