លោក Elon Musk ម្ចាស់ក្រុមហ៊ុនយក្សTesla ធ្លាក់ឈ្មោះមកត្រឹមជាមហាសេដ្ឋីលំដាប់ទី៤របស់ពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកប្រតិបត្តិក្រុមហ៊ុន Meta របស់លោក Mark Zuckerberg ក្លាយជាមហាសេដ្ឋីមានបំផុតលំដាប់ទី៣ នៅលើពិភពលោក ខណៈទ្រព្យសម្បត្តិរបស់លោក Zuckerberg បានវ៉ាដាច់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla។

យោងតាមសន្ទស្សន៍មហាសេដ្ឋី ដែលចងក្រងដោយកាសែត Bloomberg បានបង្ហាញថា លោក Zuckerberg បានក្លាយជាមហាសេដ្ឋីធំជាងគេបំផុតទី៣ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន១៨៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៥ ខែមេសា។

នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែលនាយកប្រតិបត្តិនៃក្រុមហ៊ុន Meta រូបនេះ បាន​ជាប់​ក្នុង​ចំណោមចំណាត់​ថ្នាក់ ជា​មហាសេដ្ឋីកំពូល​ទាំង​៣របស់ពិភពលោក គិតចាប់​តាំង​ពី​ឆ្នាំ២០២០មក។

ទន្ទឹមនឹងនេះ លោក Elon Musk ដែលធ្លាប់ជាមហាសេដ្ឋីកំពូលទី១នៅលើពិភពលោក  បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៤ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន១៨១ពាន់លានដុល្លារ។

ដំណឹងនេះត្រូវបានប្រកាសឡើង ស្របពេលដែលក្រុមហ៊ុន Tesla លក់រថយន្តបានត្រឹមតែ៣៨៦.៨០០គ្រឿងប៉ុណ្ណោះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូង នៃការលក់របស់ក្រុមហ៊ុន ក្នុងរយៈពេលជិត៤ឆ្នាំកន្លងមក។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ថ្លៃចុះជាង៧% នៅក្នុងការជួញដូរដំបូង បន្ទាប់ពីចេញផ្សាយព័ត៌មាននេះ និងបានដាំក្បាលចុះជាង៣៤% បើគិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ។

បន្ថែមពីលើនេះ លោក Zuckerberg មានទឹកប្រាក់ចំនួន៣០ពាន់លានដុល្លារផ្សេងទៀត នៅក្នុងគណនីធនាគារ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោក កំពុងខិតកាន់តែជិតដល់កម្រិតទ្រព្យសម្បត្តិរបស់លោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon  ។

យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា លោក Bezos មានទ្រព្យសម្បត្តិចំនួន២០៧ពាន់លានដុល្លារ ដោយជាប់ឈ្មោះជាមហាសេដ្ឋីកំពូលទី២របស់ពិភពលោក។

ចំណែកឯ លោកមហាសេដ្ឋី Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុនទំនិញប្រណីត LVMH  ស្ថិតនៅលំដាប់កំពូលទី១ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន២២៣ពាន់លានដុល្លារ៕ ប្រភព:Business Insider៕

LEAVE A REPLY

Please enter your comment!
Please enter your name here