ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងផ្លូវរថភ្លើងល្បឿនលឿន នៅក្នុងប្រទេសឥណ្ឌា ដែលប្រើប្រាស់បច្ចេកវិទ្យារថភ្លើង shinkansen របស់ប្រទេសជប៉ុន អាចនឹងចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្ម នៅឆ្នាំ២០២៦ខាងមុខ។
លោក Sibi George ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសជប៉ុន បានថ្លែងប្រាប់កាសែត Kyodo News ក្នុងបទសម្ភាសន៍មួយនៅទីក្រុងតូក្យូ ថា ពិធីសម្ពោធគម្រោងនេះ អាចធ្វើឡើងនៅឆ្នាំ២០២៦ ឬអាចលឿនជាងនេះ ប៉ុន្តែប្រទេសទាំងពីរ កំពុងបន្តពិភាក្សាគ្នាអំពីពេលវេលាពិតប្រាកដ។លោក George បានថ្លែងថា “អ្វីដែលខ្ញុំអាចនិយាយបាននោះគឺនៅត្រង់ថា ការសាងសង់គម្រោងនេះ សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់”។ លោកបន្ថែមថា “ដំបូងឡើយ យើងគ្រោងចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០២៣ ប៉ុន្តែក្រោយមក វាត្រូវបានពន្យារពេល”។
គម្រោងរថភ្លើងល្បឿនលឿន Shinkansen ដំបូងបង្អស់នៅប្រទេសឥណ្ឌា ដែលគ្របដណ្តប់ចម្ងាយ ប្រហែល៥០០គីឡូម៉ែត្ររវាងភាគខាងលិចនៃទីក្រុង Mumbai និងទីក្រុង Ahmedabad ត្រូវបានព្រមព្រៀងគ្នា រវាងរដ្ឋាភិបាលជប៉ុន និងឥណ្ឌាក្នុងឆ្នាំ២០១៥ ដោយបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៧។ការបញ្ចប់គម្រោងនេះ ត្រូវបានពន្យារពេលជាចម្បង ដោយសារតែការយឺតយ៉ាវនៃការទិញទីតាំងដី ដែលត្រូវសាងសង់។ ប៉ុន្តែកាលពីខែមករា ឆ្នាំ២០២៤នេះ ក្រសួងផ្លូវដែកនៃប្រទេសឥណ្ឌាបានបញ្ជាក់ឱ្យដឹងថា ការទិញដីត្រូវបានបញ្ចប់រួចរាល់ហើយ។
លោក George បានបន្ថែមថា “ដោយសារឆ្នាំនេះជាខួបលើកទី១០នៃ ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងជាសកលពិសេសរបស់ជប៉ុន និងឥណ្ឌា ដូច្នេះ លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida និងសមភាគីឥណ្ឌាគឺលោក Narendra Modi នឹងបំពេញដំណើរទស្សនកិច្ចទៅវិញទៅមកនៅឆ្នាំនេះ”៕ប្រភព: Kyodo៕