ដោយ: គង់ លាងហួរ
បាងកក: យោងតាមប្រភពសារព័ត៌មានThe Nation បានរាយការណ៍ឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុនៃប្រទេសថៃ គ្រោងស្នើដាក់ចេញវិធានការ ដើម្បីជំរុញវិស័យអចលនទ្រព្យ ទៅកាន់គណៈរដ្ឋមន្ត្រីរបស់ខ្លួននៅសប្តាហ៍នេះ។
ក្រសួងហិរញ្ញវត្ថុថៃ បង្ហាញសុទិដ្ឋនិយមថា វិធានការនោះ នឹងជំរុញឱ្យការលក់អចលនទ្រព្យ កើនឡើងក្នុងទំហំទឹកប្រាក់ជិត៨០០ពាន់លានបាត(ប្រហែល២១,៨៤ពាន់លានដុល្លារ) និងចូលរួមចំណែ កពង្រីកផលទុនជាតិសរុប(GDP)ក្នុងរង្វង់១,៥៨%។
ប្រភពដដែលបានបន្តថា ក្រសួងនឹងស្នើវិធានការពង្រីកលក្ខណៈវិនិច្ឆ័យ នៃការលើកទឹកចិត្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្លៃផ្ទេរអចលនទ្រព្យពី២% មកនៅត្រឹម១% និងថ្លៃបញ្ចាំ(mortgage fee)ពី១% មកនៅត្រឹម០,០១% ដោយវិធានការនេះគ្របដណ្តប់ទៅលើអចលនទ្រព្យ ដែលមានតម្លៃដល់៧លានបាត។
បច្ចុប្បន្ន វិធានការខាងលើនេះ ត្រូវបានអនុវត្តន៍ចំពោះតែអចល នទ្រព្យទាំងឡាយណា ដែលមានតម្លៃមិនលើសពី៣លានបាតប៉ុណ្ណោះ។
ប្រភពដដែលបានឱ្យដឹងទៀតថា ការកែសម្រួលវិធានការនេះនឹងជួយជំរុញការលក់ នៅក្នុងវិស័យអចលនទ្រព្យ និងជួយដល់អ្នកអភិវឌ្ឍន៍ ក្នុងការលក់ស្តុកអចលនទ្រព្យ ដែលមានតម្លៃចាប់ពី៣ លាន ទៅ៧លានបាត ខណៈអចលនទ្រព្យទាំងនេះ គ្របដណ្តប់ប្រមាណ៨៦% នៃអចលនទ្រព្យ ដែលជាប់គាំងលក់មិនទាន់ចេញសរុបទាំងអស់នៅលើទីផ្សារ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី វិធានការលើកទឹកចិត្តនេះ អាចអនុវត្តន៍ចំពោះតែជនជាតិថៃប៉ុណ្ណោះ ដោយរំពឹងថា នឹងមានប្រសិទ្ធភាពរហូតដល់ដំណាច់ឆ្នាំ២០២៤នេះ។
ប្រភពដដែលបានបន្ថែមថា ក្រសួងហិរញ្ញវត្ថុក៏បានសម្របសម្រួ លជាមួយក្រសួងមហាផ្ទៃ ដើម្បីស្នើធ្វើវិសោធនកម្មបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងការទិញអចលនទ្រព្យ ដោយបុគ្គលក្នុងក្រុមងាយរងគ្រោះ ស្ថិតក្រោមគម្រោងដែលត្រូវទទួលបាន អត្ថប្រយោជន៍ពីរដ្ឋ ដោយអនុញ្ញាតឱ្យពួកគេ មានសិទ្ធិទទួលបានការកាត់បន្ថយថ្លៃផ្ទេរ និងថ្លៃកម្ចីទិញផ្ទះផងដែរ៕