ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ពីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលចេញផ្សាយនៅថ្ងៃទី៨ ខែមេសា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តកើនឡើងនៅឆ្នាំ២០២៤នេះ ខណៈដែលអត្រាអតិផរណា នឹងងើបឡើងវិញក្នុងកម្រិតមធ្យម។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងបន្តទៀតថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រា៦,២ភាគរយនៅឆ្នាំនេះ ដោយកើនឡើងពី៥,៣ភាគរយ កាលពីឆ្នាំមុន។
របាយការណ៍របស់ស្ថាប័ន វាយតម្លៃសេដ្ឋកិច្ចអាស៊ានខាងលើ បានគូសបញ្ជាក់បន្ថែមថា អត្រាអតិផរណាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពី២,១ភាគរយ ដល់៣,១ភាគរយនៅឆ្នាំ២០២៤នេះ។កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញជាចម្បងដោយសារការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ វិស័យកសិ កម្ម ក៏ដូចជាវិស័យសំណង់ និងវិស័យអចលនទ្រព្យ។
របាយការណ៍ខាងលើបានអះអាងទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ នឹងត្រូវបានជំរុញជាចម្បង ដោយកំណើនតម្រូវការក្នុងស្រុកដ៏រឹងមាំ ដែលជំរុញដោយការកើនឡើង នៃប្រាក់ចំណូលក្នុងគ្រួសារ និងការស្ទុះងើបឡើងវិញ នៃសកម្មភាពវិនិយោគ និងសកម្ម ភាពក្នុងវិស័យទេសចរណ៍។
លោក Hoe Ee Khor ប្រធានសេដ្ឋវិទូរបស់ស្ថាប័ន AMRO បានវាយតម្លៃថា “ដើម្បីជំរុញឱ្យកំណើនសេដ្ឋកិច្ច ស្ទុះងើបឡើងវិញ កម្ពុជាចាំបាច់ត្រូវតែជំរុញការវិនិយោគ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព និងភាពធន់ ជាពិសេសសម្រាប់បណ្តាក្រុមហ៊ុនតូចៗ”។
យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៦,៤ភាគរយ នៅឆ្នាំ២០២៥ ខណៈអត្រាអតិផរណានឹងធ្លាក់ចុះ មកនៅត្រឹម២,៨ភាគរយ៕ប្រភព:Xinhua៕