ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft ទិញដីធ្លីជាង១០ហិកតា នៅក្នុងប្រទេសម៉ាឡេស៊ី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft របស់សហរដ្ឋអាមេរិក បានទិញដីមួយកន្លែង ដែលស្ថិតនៅក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ដើម្បីសាងសង់ទៅជាមជ្ឈមណ្ឌលទិន្នន័យ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក Crescendo Corporation Berhad (CCB) នៅសប្តាហ៍នេះ បានប្រកាសថា ខ្លួនបានលក់ដីទំហំ១០២.៥៦០ម៉ែត្រការ៉េ(១០,២៥ហិកតា) ឬស្មើនឹង១,១លានហ្វីតការ៉េ នៅក្នុងតំបន់ Pulai នៃរដ្ឋ Johor ទៅកាន់ក្រុមហ៊ុន Microsoft។

កិច្ចព្រមព្រៀងទិញ- លក់ដីនៅតំបន់ខាងលើនេះ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Panoramic Industrial Development ដែលជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន CCB  ជាមួយក្រុមហ៊ុន Microsoft ក្នុងទំហំទឹកប្រាក់ប្រមាណ២៧,៩លានដុល្លារ។

យោងតាមប្រភពពីក្រុមហ៊ុន ​​CBB បានរាយការណ៍ឱ្យដឹងថា ដីនេះអាចប្រើប្រាស់បាន សម្រាប់តែការបង្កើតតំបន់ឧស្សាហកម្ម ខ្នាតមធ្យមប៉ុណ្ណោះ ដូចជាមជ្ឈមណ្ឌលទិន្នន័យ និងការប្រើប្រាស់ផ្សេងៗទៀតដែលពាក់ព័ន្ធ។

រដ្ឋJohor ដែលមានទីតាំងនៅភាគខាងត្បូង នៃប្រទេសម៉ាឡេស៊ី ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសសិង្ហបុរី។ រដ្ឋនេះ បានពង្រីកទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន ខណៈក្រុមហ៊ុនមួយចំនួន បានងាកចេញពីទីក្រុងសិង្ហបុរី។

ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករផ្សេងទៀត ដែលបានបង្កើតអាជីវកម្មនៅក្នុងរដ្ឋ Johor រួមមាន ក្រុមហ៊ុន PDG ក្រុមហ៊ុន AirTrunk ក្រុមហ៊ុន Equinix ក្រុមហ៊ុន Keppel ក្រុមហ៊ុន ChinData’s Bridge DC និងក្រុមហ៊ុនYondr៕ប្រភព: Data Center Dynamic៕

LEAVE A REPLY

Please enter your comment!
Please enter your name here