ដោយ: គង់ លាងហួរ
អន្តរជាតិ: បញ្ហាខ្វះទឹក ជារឿងដែលពិភពលោក កំពុងជួបប្រទះ ជាពិសេសសម្រាប់រដូវប្រាំង ដែលមិនសូវជាសម្បូរភ្លៀង។ ប៉ុន្តែបញ្ហានេះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ វិធីសាស្ត្របង្កើតភ្លៀងសិប្បនិម្មិតបានយ៉ាងមានប្រសិទ្ធភាព។
ជាក់ស្តែង ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) កំពុងប្រើប្រាស់ភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយអាកាសធាតុដ៏ក្តៅ នៅក្នុងទីក្រុងឌូបៃ និងធ្វើឱ្យសីតុណ្ហភាពស្ថិតនៅក្នុងកម្រិតមួយសមរម្យ។
ប្រទេសអារ៉ាប់រួម គឺជាតំបន់ស្ងួតហួតហែង ដែលមានភ្លៀងធ្លាក់ប្រចាំឆ្នាំតិចតួចបំផុត ដោយសារតែប្រទេសនេះ មានទីតាំងនៅជិតខ្សែបន្ទាត់នៃតំបន់ត្រូពិកខាងលើ សូម្បីតែសីតុណ្ហភាពពេលថ្ងៃនៅរដូវរដូវរងា អាចឈានដល់ជាមធ្យម២៥អង្សាសេ។នៅរដូវក្តៅឆ្នាំ២០២៣ សីតុណ្ហភាពនៅក្នុងប្រទេសមជ្ឈឹមបូព៌ាមួយនេះ ហក់ឡើងដល់៥០អង្សាសេ។ ដើម្បីទប់ទល់នឹងកម្ដៅ ទីក្រុងឌូបៃ បាននឹងកំពុងធ្វើការលើកម្មវិធីបណ្ដុះពពក (cloud-seeding program) ដើម្បីធ្វើឱ្យមានភ្លៀងធ្លាក់បែបសិប្បនិម្មិត។
ដើម្បីបង្កើតភ្លៀងសិប្បនិម្មិត ប្រទេសUAE បានបំភាយសារធាតុភាគល្អិត Hygroscopic និងសារធាតុរ៉ែតូចៗផ្សេងទៀតចូលទៅក្នុងពពក ដើម្បីបង្កើនបរិមាណចំហាយទឹកក្នុងពពក ដែលបង្កើតបានជាភ្លៀង។ ។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រក៏កំពុងប្រើប្រាស់ យានអវកាសគ្មានមនុស្សបើក (UAVs) ដើម្បីបំភាយសារធាតុបង្កើតភ្លៀងសិប្បនិម្មិតទៅក្នុងពពកផងដែរ។ប្រទេសអារ៉ាប់រួម បានធ្វើការទៅលើកម្មវិធីបណ្តុះពពក (cloud-seeding) នេះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក អេមីរ៉ាតអារ៉ាប់រួម បានសហការជាមួយអង្គការ NASA ដើម្បីសិក្សាពីភ្លៀងសិប្បនិម្មិត និងរបៀបបង្កើតភ្លៀងដោយខ្លួនឯង។
ក្រុមអ្នកជំនាញឧតុនិយមរបស់ប្រទេសអារ៉ាប់រួម UAE ក៏ត្រូវបានគេរំពឹងថា នឹងអនុវត្តបេសកកម្មបណ្ដុះពពកចំនួន៣០០ នៅឆ្នាំ២០២៤នេះផងដែរ ខណៈអ្នកជំនាញសង្ឃឹមថា ទឹកភ្លៀងសិប្បនិម្មិតទាំងនេះ អាចជួយកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងបង្កើតបរិយាកាសរស់នៅ កាន់តែប្រសើរឡើងនៅក្នុងប្រទេសរបស់ខ្លួន៕