កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៦២ក្នុងពិភពលោក ដែលលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនឥណ្ឌា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសចំនួន៦២ នៅលើពិភពលោក បានអនុវត្តន៍គោលនយោបាយ លើកលែងទិដ្ឋាការដល់អ្នកកាន់លិខិតឆ្លង​ដែន​ឥណ្ឌា ដើម្បីជំរុញវិស័យទេសចរណ៍។

ការលើកលែងទិដ្ឋាការ បានបង្កភាពងាយស្រួលដល់ប្រជាជនឥណ្ឌា ក្នុងការស្វែងរកទេសភាពដ៏ស្រស់ស្អាត វប្បធម៌ចម្រុះ និងអច្ឆរិយៈជាប្រវត្តិសាស្ត្រ ដោយមិនមានការរំខាន ពីទម្រង់បែបបទទិដ្ឋាការ។

យើងសូមលើកឡើង អំពីបណ្តាប្រទេសចំនួន៥ប៉ុណ្ណោះ ដែលលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនឥណ្ឌា ដែលប្រទេសទាំងនោះ មានភាពល្បីល្បាញខ្លាំង ដោយសារសម្បត្តិបេតិក​ភណ្ឌដ៏អច្ឆរិយៈរបស់ពួកគេរៀងៗខ្លួន។

ទី១: ប្រទេសឥណ្ឌូនេស៊ី

សក្តានុពលនៃវប្បធម៌ បេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានបង្ហាញ តាមរយៈសិល្បៈប្រពៃណី ទម្រង់របាំដ៏រស់រវើក និងប្រាសាទបុរាណដ៏គួរឱ្យស្ញប់ស្ញែង។ ក្នុង​ចំណោម​គោលដៅទេសចរណ៍​សំខាន់ៗ​នៅឥណ្ឌូនេស៊ី រួមមាន Borobudur ជា​ប្រាសាទ​ព្រះពុទ្ធ​សាសនា​ធំ​ជាង​គេ​ក្នុង​ពិភពលោក និងប្រាសាទ Prambanan ជា​ស្នាដៃ​ស្ថាបត្យកម្ម​ហិណ្ឌូ។

ទីតាំងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពចម្រុះខាងសាសនា របស់ប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជំនាញផ្នែកសិប្បកម្ម និងស្ថាបត្យកម្មដ៏ស្មុគស្មាញផងដែរ។

ទី២: ប្រទេសអ៊ីរ៉ង់

ជាមួយនឹងប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ អ៊ីរ៉ង់មានសម្បត្តិបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប ដែលមិនចាញ់ប្រទេសណាឡើយ។

ភាពអច្ឆរិយៈនៃស្ថាបត្យកម្ម របស់ប្រទេសអ៊ីរ៉ង់ គឺជាសក្ខីភាពបង្ហាញពីអតីតកាល ដ៏រុងរឿងរបស់ប្រទេសនេះ រាប់ចាប់តាំងពីប្រាសាទបុរាណ Persepolis ដែលធ្លាប់ជាអាណាចក្រ នៃចក្រភពពែរ្ស រហូតដល់វិហារអ៊ីស្លាម វិមាន Isfahan និងវិមាន Shiraz។

ទី៣: ប្រទេសប៊ូតាន

ដោយសារស្ថិតនៅតាមជួរភ្នំហិម៉ាឡៃ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសប៊ូតាន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួ​យនឹងប្រពៃណីព្រះពុទ្ធសាសនា និងរបៀបរស់នៅខាងវិញ្ញាណ។  វិហារ Dzongs គឺជាមជ្ឈមណ្ឌលសាសនា និងរដ្ឋបាល ដែលស្ថិតក្នុងចំណោមទីតាំងទេសចរណ៍សំខាន់ៗរបស់ប្រទេសប៊ូតង់។

លើសពីនេះ ពិធីបុណ្យ Paro Tsechu ដែលជាប្រពៃណីរបស់ប្រជាជនប៊ូតាន បង្ហាញពីពណ៌ដ៏រស់រវើក តន្ត្រី និងរបាំ បូករួមជាមួយនឹងវប្បធម៌។

ទី៤: ប្រទេសកម្ពុជា

ប្រទេសកម្ពុជាមានបេតិកភណ្ឌដ៏ច្រើនសម្បូរបែប។ ជាក់ស្តែង ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ គឺជាប្រាសាទសាសនាដ៏ធំបំផុត នៅក្នុងពិភពលោក និងជាគំរូដ៏អស្ចារ្យនៃស្ថាបត្យកម្ម និងសិល្បៈខ្មែរ។

ក្រៅពីប្រាសាទអង្គរវត្ត បេតិកភណ្ឌវប្បធម៌របស់កម្ពុជាក៏ត្រូវបានឆ្លុះបញ្ចាំង នៅក្នុងទម្រង់របាំប្រពៃណីរបស់ខ្លួនផងដែរ ដូចជារបាំអប្សរា ឆាកតន្ត្រីដ៏រស់រវើក និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់។

ទី៥: ប្រទេសអេត្យូពី

បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប របស់ប្រទេសអេត្យូពីមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ដូចជា ព្រះវិហារគ្រិស្តបុរាណ ព្រះវិហារធ្វើអំពីថ្ម និងវប្បធម៌កុលសម្ព័ន្ធចម្រុះ។

ជាក់ស្តែង ព្រះវិហារដែលធ្វើឡើងអំពីថ្ម Lalibela  គឺជាសក្ខីភាពមួយ ចំពោះអរិយធម៌គ្រិស្តដើមរបស់ប្រទេសអេត្យូពី ហើយនៅតែជាកន្លែងធម្មយាត្រា សម្រាប់គ្រិស្តបរិស័ទ ទៅគោរពបូជារហូតមកដល់សព្វថ្ងៃនេះ៕ប្រភព:Times Of India៕

LEAVE A REPLY

Please enter your comment!
Please enter your name here