តើស្ថាប័នវាយតម្លៃសេដ្ឋកិច្ចអាស៊ានAMRO បូកបីត្រូវបានបង្កើតឡើងតាំងពីពេលណា និងមានប្រភពមូលនិធិមកពីណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) គឺជាអង្គការឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់ ដែលមានគោលបំណងចូលរួមចំណែក ក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន+៣។

ស្ថាប័ន AMRO មានចក្ខុវិស័យប្រែក្លាយខ្លួន ទៅជាអង្គការក្នុងតំបន់ ប្រកបដោយភាពឯករាជ្យ គួរឱ្យទុកចិត្តបាន និងមានវិជ្ជាជីវៈ ដែលដើរតួជាអ្នកប្រឹក្សា គោលនយោបាយគួរឱ្យទុកចិត្ត ដល់សមា​ជិកក្នុងតំបន់អាស៊ាន+៣។

តំបន់អាស៊ាន+៣ រួមមានរដ្ឋជាសមាជិកចំនួន១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន បូករួមនឹងប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ស្ថាប័នAMRO ផ្តោតលើមុខងារស្នូលចំនួន៣ រួមមាន ការធ្វើការត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ច ការគាំទ្រការអនុវត្តពហុភាវូបនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) និងការផ្តល់ជំនួយបច្ចេកទេសដល់បណ្តាសមាជិករបស់ខ្លួន។

ស្ថាប័ននេះត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកដល់ភាពធន់នឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិរភាពក្នុងតំបន់ តាមរយៈការតាមដាន គាំទ្រការរៀបចំហិរញ្ញប្បទានក្នុងតំបន់ ការផ្តល់ជំនួយបច្ចេ​កទេស បម្រើជាមជ្ឈមណ្ឌលចំណេះដឹងក្នុងតំបន់ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន+៣។

ចំណែកឯ រចនាសម្ព័ន្ធនៅក្នុងអង្គការមួយនេះ រួមមានដូចជា គណៈកម្មាធិការប្រតិបត្តិ ក្រុមប្រឹក្សាភិបាល នាយក និងអ្នកគ្រប់គ្រងជាន់ខ្ពស់។

នៅក្នុងឆ្នាំ២០០៩ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់អាស៊ាន+៣ បានយល់ព្រមបង្កើត អង្គភាពឃ្លាំមើលតំបន់ឯករាជ្យមួយ ដើម្បីលើកកម្ពស់ការត្រួតពិនិត្យគោលដៅ នៃសេដ្ឋកិច្ចក្នុងតំបន់ ក្រោយមក នៅក្នុងឆ្នាំ២០១១ ស្ថាប័នAMRO ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនlimited ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ហើយបានផ្លាស់ប្តូរទៅជាអង្គការអន្តរជាតិនៅឆ្នាំ២០១៦។

ដោយសារទទួលបានមូលនិធិ ពីការរួមចំណែកពីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង សកម្មភាពផ្តល់ជំនួយបច្ចេ​កទេស របស់សា្ថប័នAMRO អាចស្ថិតក្នុងទម្រង់ផ្សេងៗគ្នា ដូចជាការបញ្ជូនអ្នកឯកទេស ទៅកាន់ប្រទេសសមាជិក  រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា និងសហការជាមួយស្ថាប័នផ្សេងទៀតលើប្រធា​នបទស្រាវជ្រាវជាក់លាក់ ដើម្បីជាប្រយោជន៍ដល់សមាជិក។

ក្នុងនាមជាទីប្រឹក្សាគោលនយោបាយ ដែលអាចជឿទុកចិត្តបាននៃតំបន់អាស៊ាន+៣ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បាននិងកំពុងផ្តល់ការវិភាគខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការតាមដាន និងការវាយតម្លៃជាប្រចាំដល់សមាជិក។

លើសពីនេះ ក្នុងអំឡុងពេលមានវិបត្តិ ស្ថាប័ននេះផ្តល់ជូនសមាជិក នូវការណែនាំអំពីគោលនយោបាយ ដើម្បីជួយដល់ពួកគេឱ្យស្ទុះងើបឡើងវិញ ដោយប្រើប្រាស់បណ្តាញសុវត្ថិភាព ហិរញ្ញវត្ថុ ក្នុងតំបន់។

ក្រៅ​ពី​សកម្មភាព​ទាំង​នេះ AMRO ក៏​ផ្តល់​ឱកាស​ដល់​មន្ត្រី​វ័យ​ក្មេង​មកពី​បណ្តាប្រទេស​ជា​សមាជិក​ ក្នុង​ការ​ធ្វើ​ការ​នៅស្ថាប័នរបស់ខ្លួន ក្នុង​នាម​ជា​អ្នក​បន្ទាប់​បន្សំ(secondees) ដែលការណ៍នេះអនុញ្ញា​តឱ្យពួកគេ អាចរៀនសូត្រដោយផ្ទាល់អំពីរបៀប ដែលAMRO ដំណើ​រការជាស្ថាប័នមួយ និងកសាង​សមត្ថភាព​ជំនាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here