គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបងទៅកាន់ខេត្តកោះកុងសម្រេចបានជាង៨០ភាគរយហើយ

0

ដោយៈ គង់ សូរិយា

        បាត់ដំបងៈ ការស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣តភ្ជាប់ពីខេត្តបាត់ដំបង ពោធិសាត់ ឆ្ពោះទៅកាន់ ខេត្តកោះកុង ដែលមានប្រវែងសរុបជិត២០០គីឡូម៉ែត្រគីឡូម៉ែត្រ សម្រេចការសាងសង់បាន៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤នេះ។

គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះដែរ ការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣%  ការងារស្ពានអនុវត្តបាន៨៦,២៨% ការងារស្ពានខ្ពស់ប្រវែង៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ១២៨+៩០៥ សម្រេចបាន ៤០%  ការងារលូកាត់ទទឹងផ្លូវ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តន៍បាន៨៧,៦៣%។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ការសាងសង់មានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយា ធ្លាប់បានមាន​ប្រសាសន៍ឲ្យដឹងថា ការស្ថាបនាផ្លូវជាតិលេខ១០ ជាការធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេសផង និងដើម្បីពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ចកម្ពុជាផង ដោយផ្លូវនេះនឹងរួមចំណែកដឹកកសិផល ចេញពីភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេស ទៅកាន់កំពង់ផែតារាសាគរក្នុងខេត្តកោះកុង ដើម្បីដឹកចេញទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។

លោកបន្តថា “ដើម្បីសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាសសៃឈាមសេដ្ឋកិច្ចជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here