ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញ និងវិភាគអចលនទ្រព្យ បានលើកឡើងនូវគន្លឹះឬត្រីវិស័យចំនួន២ សម្រាប់អ្នកចង់វិនិយោគអចលនទ្រព្យ ក្នុងស្ថានភាពបច្ចុប្បន្នយកទៅវិភាគ ពិចារណា។
អគ្គនាយកក្រុមហ៊ុនAdvance Real estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១១ មិថុនាថា ស្ថានភាពទីផ្សារក្នុងឱកាសនេះ នៅតែទាមទារឲ្យអ្នកមានបំណងវិនិយោគក្នុងវិស័យនេះ មានការបន្តប្រុងប្រយ័ត្ន មុនសម្រេចចិត្តវិនិយោគក្នុងវិស័យនេះ ដោយសារឱកាសកើបប្រាក់ចំណេញពី វិស័យនេះកាន់តែរួមតូច និងមានហានិភ័យ។
លោកបន្តថា ប៉ុន្តែប្រសិនជាអ្នកទិញ មានលំហូរសាច់ប្រាក់ល្អ ហើយចង់វិនិយោគក្នុងវិស័យនេះ គួរសិក្សាលើកត្តាសំខាន់ៗចំនួនពីរ ទី១ សិក្សាពីគោលនយោបាយរបស់រដ្ឋាភិបាល និងគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនានា ប៉ុន្តែត្រូវប្រាកដថា គំរោងនោះលេចចេញរូបរាងលឿន ជាជាងគំរោងហេដ្ឋារចនាសម្ព័ន្ឋ គ្រាន់តែជាគំរោងពង្រាងនៅឡើយ ព្រោះគំរោងហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាលមួយចំនួន ក៏មានការពន្យាពេលផងដែរ។
ការសិក្សាពីគំរោងឲ្យបានច្បាស់លាស់ ដើម្បីប្រាកដថា មិនប៉ះពាល់លំហូរសាច់ប្រាក់ និងពាក់ព័ន្ឋនឹងការប្រាក់របស់ខ្លួន ព្រោះបើគំរោងមួយពន្យាពេលនៅទីតាំង ដែលយើងវិនិយោគអាចធ្វើឲ្យអ្នកវិនិយោគមានបញ្ហាគាំងលំហូរសាច់ប្រាក់ផងដែរ។ លោកប៉ូ អ៊ាវគង់បញ្ជាក់ឲ្យដឹង។
ទី២ អ្នកវិនិយោគ គួរសិក្សាឥរិយាបទទីផ្សារ ត្រូវមើលពីលំហូរសាច់ប្រាក់ឲ្យបានល្អ និងសិក្សាលើអចលនទ្រព្យណា ដែលមានតម្លៃល្អ ជាតម្លៃក្រោមទីផ្សារ ក្នុងករណីម្ចាស់អចលនទ្រព្យលក់បន្ទាន់ ព្រោះបច្ចុប្បន្ន មានម្ចាស់អចលនទ្រព្យច្រើនបានដាក់លក់ ច្រើនជាងអ្នកទិញ។
លោកប៉ូ អ៊ាវគង់បានបន្តថា ប្រសិនជាអ្នកវិនិយោគ អាចទិញអចលនទ្រព្យ ដែលអាចជួលបាន ដើម្បីបង្កើតលំហូរសាច់ប្រាក់ជាការល្អ ដែលជាការបង្កើតចំណូលទៀងទាត់ ជាជាងទិញអចលនទ្រព្យ ដែលរង់ចាំយកផលចំណេញ នៅពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ៕