ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នឹងដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន។
កិច្ចប្រជុំដែលបានធ្វើកាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ អញ្ជើញចូលរួមពីសហប្រធាន និងសហប្រធានក្រុមការងារ១៦ផ្នែកឯកជន និងសហប្រធាន និងអនុសហប្រធានក្រុមការងារបច្ចេកទេស ភាពជាដៃគូអគ្គនាយកដ្ឋាន–ពន្ធដារ–គយ–ផ្នែកឯកជន ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារនីមួយៗ ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ ផ្តោតលើចំណុចសំខាន់ជាច្រើនរួមមាន ទី១ ការធ្វើបច្ចុប្បន្នភាពក្រុមការងារផ្នែកឯកជន សរុបមានចំនួន១៦ក្រុមការងារផ្នែកឯកជន តាមសេចក្តីសម្រេចលេខ៩៧ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤, ទី២ ការផ្តល់អនុសាសន៍ អ្នកឧកញ៉ា ប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន ដើម្បីពង្រឹងនិងបង្កើនសកម្មភាពតាមក្រុមការងារនីមួយៗ អោយមានប្រសិទ្ធភាពធ្វើយ៉ាងណា សម្របសម្រួលសកម្មភាព និងបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេសកម្ពុជា។
ទី៣ ការធ្វើសេចក្តីរាយការណ៍សង្ខេប ពីសហប្រធាននៃក្រុមការងារផ្នែកឯកជន អំពីសកម្មភាពក្រុមការងាររបស់ខ្លួន និងទិសដៅបន្តនាពេលខាងមុខ ទី៤. ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្រោម យន្តការវេទិការាជរដ្ឋាភិបាល–ផ្នែកឯកន ដែលបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តន៍សម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន។
ទី៥ បទបង្ហាញ ពីក្រុមជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា–អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) លើចំណុច (១). ការប្រើប្រាស់ប្រព័ន្ធតាមដាន ការអនុវត្តវិធានការ វេទិការាជរដ្ឋាភិបាល– ផ្នែកឯកជនលើកទី១៩, (២) ផ្ទាំងវិភាគទិន្នន័យ (Dashboard), និង(៣). តារាងបណ្តុំទិន្នន័យ (Dataset) និង ៦. ពិនិត្យនិងពង្រឹងអនុវត្តន៍ អោយកាន់តែប្រសើឡើង នូវយន្តការមានស្រាប់ ដូចជា ខេត្តថ្នាក់ក្រោមជាតិ ជាមួយបណ្តាសភាពាណិជ្ជកម្ម មណ្ឌលខេត្ត ក្រុងផងដែរ៕