ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ក្រុមមន្រ្កីជាន់ខ្ពស់បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលគ្រោងអភិវឌ្ឍន៍នៅតាមតំបន់អូរត្រេះ និងតំបន់អូរត្រជាក់ចិត្ត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ស្របតាមចក្ខុវិស័យរយៈពេលវែង ដោយប្រែក្លាយទីតាំងទាំងនេះ ទៅជាមជ្ឈមណ្ឌលសមាហរណកម្មក្នុងតំបន់។
ព័ត៌មាននេះត្រូវបានលើកឡើងកាលពីសប្តាហ៍មុនក្នុងកិច្ចប្រជុំមួយដែលដឹកនាំដោយ លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការចូលរួម ពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងកម្មវិធីជំរុញការវិនិយោគ ពិសេសខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានធ្វើបច្ចុប្បន្នភាព និងពិភាក្សាអំពីការអភិវឌ្ឍន៍តំបន់ និងផែនការសកម្មភាពបន្ថែមទៀត សម្រាប់គម្រោងអភិវឌ្ឍន៍នៅតាមតំបន់អូរត្រេះ និងតំបន់អូរត្រជាក់ចិត្ត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ស្របតាមចក្ខុវិស័យរយៈពេលវែង ដោយប្រែក្លាយទីតាំងទាំងនេះ ទៅជាមជ្ឈមណ្ឌលសមាហរណកម្មក្នុងតំបន់។
ជាមួយគ្នានេះ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការអភិវឌ្ឍន៍ និងអនុវត្តផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ក៏បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសហិរញ្ញវត្ថុ (TWG) លើកទី៥ ដឹកនាំដោយ លោករស់ សីលវ៉ា រដ្ឋលេខាធិការ និងជាប្រធានមជ្ឈមណ្ឌលហិរញ្ញវត្ថុ ក្រុមការងារដើម្បីពិភាក្សា អំពីសំណើអាជីវកម្មនៃការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅខេត្តព្រះសីហនុ។
ធ្វើឱ្យមានភាពងាយកាន់តែងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ក្នុងខែមិថុនា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់ប្រទេសសិង្ហបុរី និងបានស្នើសមភាគីសិង្ហបុរី ពង្រីកជើងហោះហើរមកកាន់ប្រទេសកម្ពុជា ដោយបើកការហោះហើរត្រង់ពីទីក្រុងសិង្ហបុរី ទៅខេត្តព្រះសីហនុ។
លោកបានថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា -សិង្ហបុរីថា កម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានផ្តល់អត្ថប្រយោជន៍ពិសេស ដល់អ្នកវិនិយោគលើសពីច្បាប់ស្តីពីការវិនិយោគ៕