ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីBYD គ្រោងនឹងមកបោះទុន បើកក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា។
សម្តេចធិបតីបានចាត់ទុកការឈានជើងចូល របស់ក្រុមហ៊ុន BYD ជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល ដែលទាំងសម្តេចផ្ទាល់ និងមន្ត្រីរាជរដ្ឋាភិបាលផ្សេងៗទៀត ខិតខំ “ដើរទាក់ម៉ូយ” ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។
សម្តេចធិបតីបានបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតបរទេស ទាំងក្រុមហ៊ុន BYD, Ford, Toyota និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ជាដើម មកបង្កើតរោងចក្រដំឡើង និងផលិតរថយន្តនៅកម្ពុជា គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏សំខាន់មួយ។
ជាមួយគ្នានេះ សម្តេចធិបតីបង្ហាញនូវក្តីសង្ឃឹមថា នៅពេលក្រុមធំៗទាំងនោះ មកបណ្តាក់ទុននៅកម្ពុជា នឹងអាចភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសធុនធម្យម និងធុនតូចរបស់កម្ពុជា ដើម្បីផ្គត់ផ្គង់នូវសេវាកម្មផ្សេងៗ។
ការប្រកាសបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមទទួលបានព័ត៌មានមក គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនមួយ នឹងគ្រោងមកបោះទុន ដើម្បីរៀបចំបើកក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា នេះគឺជាការជោគជ័យមួយ។ បងប្អូនដឹងហើយ BYD ធំ យើងមានក្រុមហ៊ុន Ford, ក្រុមហ៊ុន Toyota, ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ឥឡូវBYD ថ្ងៃមុនឃើញដាក់ពីរមកទៀត សុំដើម្បីបើករោងចក្រផលិតនៅស្រុកខ្មែរ។
សម្តេចបន្ថែមថា “នេះដែលយើងថា ពង្រីកធ្វើពិពិធកម្មសេដ្ឋកិច្ច អីចឹង គឺខ្សែច្រវាក់ផលិតកម្ម ហើយសង្ឃឹមថាក្រុមហ៊ុនធំដែលមក នឹងភ្ជាប់ជាមួយក្រុមហ៊ុនធុនកណ្តាល និងធុនតូចរបស់យើងនៅទីនេះ ដើម្បីជាខ្សែច្រវាក់ផ្គត់ផ្គង់ធាតុផ្សំ”។
ក្រុមហ៊ុនBYD បាននិងកំពុងបើកសាខានៅកម្ពុជា តាមរយៈការនាំចូលរថយន្តអគ្គិសនីរបស់ខ្លួន មកលក់នៅក្នុងទីផ្សារកម្ពុជា៕