ការសិក្សាថ្មីៈ ការផ្គត់ផ្គង់អាផាតម៉ិនបានកើនលើសតម្រូវការ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការសិក្សាថ្មីរបស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា ដំណាច់ឆ្នាំ២០២៤នេះ អាផាតម៉ិនប្រមាណ៥០០យូនីត រំពឹងថាការផ្គត់ផ្គង់ចូលទីផ្សារនៅឆ្នាំនេះ។

គិតពីដើមរហូតមកដល់ពេលនេះការផ្គត់ផ្គង់អាផាតម៉ិននៅក្នុងរាជធានីភ្នំពេញមានចំនួនសរុប៤២០០យូនីត។

របាយការណ៍នេះបានបង្ហាញឱ្យដឹងថាតំបន់៣ដែលមានការផ្គត់ផ្គង់សេវាអាផាតម៉ិនឬមានអគារអាផាតមិនច្រើនជាងគេនោះរួមមានតំបន់បឹងកេងតំបន់ចំការមននិងតំបន់ដូនពេញដោយតំបន់ទាំងបីមានការផ្គត់ផ្គង់រហូតដល់៨២ភាគរយនៃអាផាតមិនទាំងអស់នៅក្នុងរាជធានីភ្នំពេញ។

របាយការណ៍ដដែលនេះបានបង្ហាញថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់អាផាតម៉ិន មានលើសតម្រូវការរួចទៅហើយ ។

បើតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE បានបង្ហាញថា អាផាតមិនកម្រិតA មានតម្លៃជួលចន្លោះពី១០ដុល្លារអាមេរិកទៅ ជាង៤០ដុល្លារអាមេរិក តែជាមធ្យមស្ថិតនៅក្នុងតម្លៃ ២០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈកម្រិតBមានតម្លៃចន្លោះពី៦ដុល្លារទៅជាង៣០ដុល្លារអាមេរិកដោយជាមធ្យមស្ថិតនៅក្នុងតម្លៃប្រមាណ១៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

តម្លៃនេះបើធៀបនឹងតម្លៃនៅក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះចន្លោះពី៣ ទៅ ៦ភាគរយ តែបើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ឃើញថាមានការកើនឡើងតិចតួច។

ស្របពេលដែលការផ្គត់ផ្គង់ កំពុងមាននិន្នាការកើនឡើងច្រើនជាងតម្រូវការ អ្នកជំនាញមើលឃើញថា វិស័យអចលនទ្រព្យនិយាយជារួម និងទីផ្សារអាផាតម៉ិន ក៏ដូចជា ខុនដូ មិនទាន់មានគម្រោងថ្មីៗនោះទេ ប៉ុន្តែទីផ្សារនេះ ត្រូវការអ្នកវិនិយោគ ឬត្រូវការអតិថិជនមកទទួលសេវា ក៏ដូចជា ទិញខុនដូដែលកំពុងមានការផ្គត់ផ្គត់លើសតម្រូវការ។

អ្នកនាង គឹម គិនកេសា អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ធនាគារនៃកម្ពុជា បានព្រមានពីការផ្ដល់កម្ចី ដល់វិស័យអចលនទ្រព្យ ក៏ដូចជាឱ្យប្រុងប្រយ័ត្ន ចំពោះការផ្ដល់កម្ចីទៅលើវិស័យនេះ។ អ្នកនាងបានយល់ស្រប ចំពោះការលើកឡើងរបស់ធនាគារជាតិ ហើយអ្នកនាងក៏មិនទាន់រំពឹងថា នឹងមានវិនិយោគិនថ្មីៗចូលមកបណ្ដាក់ទុនវិនិយោគលើគម្រោងថ្មីៗនោះដែរ។

អ្នកនាងបញ្ជាក់ថាអ្វីដែលសំណូមពរបាននៅពេលនេះ គឺសុំត្រឹមតែឱ្យវិនិយោគិនទាំងនោះ ចូលមកបញ្ចប់គម្រោង ដែលបានផ្អាកកាលពីអំឡុង វិបត្តិកូវីដ១៩ និងក្នុងពេលវិបត្តិសេដ្ឋកិច្ចសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here