ដោយៈ គង់ សូរិយា
ភ្នំពេញៈ វិស័យអគ្គិសនី កសិកម្ម កសិឧស្សាហកម្ម និងសុខាភិបាលនៅកម្ពុជា នឹងត្រូវលើកយកមកវិភាគនិងពិភាក្សានៅក្នុងវេទិកាធុរកិច្ចកម្ពុជា បារាំងលើកទី២នាពេលខាងមុខ។
ការប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បាននិយាយថា វេទិកាធុរកិច្ចបារាំង –កម្ពុជានឹងរៀបចំឡើងរៀងរាល់ពីរឆ្នាំម្ដង ដោយការលើរៀបចំលើកដំបូង ត្រូវបានរៀបចំកាលពីឆ្នាំ២០២២។
វេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទីពីរ ឆ្នាំ២០២៤ រំពឹងថានឹងកៀរគរវិនិយោគិនបារាំង ចាប់អារម្មណ៍លើគម្រោងវិនិយោគថាមពលអគ្គិសនី កសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា។
លោកបឺឡេ បានបញ្ជាក់ថា “យើងពិតជាបានទទួលសំណើពីកម្ពុជា ដើម្បីវិនិយោគលើវិស័យថាមពលអគ្គិសនីនេះ រួមទាំងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ក៏ដូចជាសុខាភិបាល”។
រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងឧស្សាហកម្មបារាំងកម្ពុជា (CCIFC) សហការជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេសបារាំង (CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ដោយមានការគាំទ្រពីស្ថានទូតបារាំង សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ្ញាកម្ពុជា វេទិកានេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី១០ ខែកក្កដា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះនឹងមានរយៈពេលបីថ្ងៃ ដោយរយៈពេលពីរថ្ងៃដំបូងនៅរាជធានីភ្នំពេញ និងថ្ងៃចុងក្រោយនៅខេត្តព្រះសីហនុ ហើយពិធីបើកនៅទីក្រុងភ្នំពេញ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបររធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក Cyril Girot ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បាននិយាយថា វេទិកាធុរកិច្ចនឹងប្រមូលផ្តុំសមាជិក សហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងមកពីក្រុមហ៊ុនបារាំង កំពុងប្រតិបត្តិការនៅក្នុងតំបន់ ដែលមានបំណងចង់ស្វែងយល់ កាន់តែស៊ីជម្រៅអំពីទីផ្សារកម្ពុជា។
លោក Girot បានបន្តថា វេទិកានេះនឹងគ្របដណ្តប់លើវិស័យជាច្រើន រួមទាំងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល ការថែទាំសុខភាព ថាមពល ផែនការទីក្រុង ទេសចរណ៍ ភស្តុភារ ដឹកជញ្ជូន កសិកម្ម កសិឧស្សាហកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។
បទបង្ហាញសំខាន់ៗ នឹងធ្វើឡើងដោយថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ រួមមាន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
មិនខុសពីវេទិកាធុរកិច្ចលើកទីមួយ វេទិកាលើកទីពីរនឹងមានការចូលរួម ពីធុរកិច្ចជនទាំងពីរប្រទេស រួមទាំងអាជ្ញាធរប្រមាណ២០០នាក់។
លោកបានឱ្យដឹងថា វេទិកាធុរកិច្ចលើកទី២នេះ នឹងជួយពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ។ វេទិកានេះក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនង ជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា ទំហំនៃបម្លាស់ប្តូរពាណិជ្ជកម្ម រវាងបារាំង និងកម្ពុជា មានទំហំទឹកប្រាក់១៣៦៣លានអឺរ៉ូ (ជាង១៤៥៧លានដុល្លារ) កាលពីឆ្នាំ២០២៣។ បច្ចុប្បន្ន ប្រទេសបារាំងគឺ ជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។
លោក Girot បានបន្ដថា ការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ពោលគឺ៣១ភាគរយ ធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។ ចំណែកការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំងវិញ មានទំហំទឹកប្រាក់១១៩២ លានអឺរ៉ូ (១២៧៤ លានដុល្លារ) កាលពីឆ្នាំ២០២៣ ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។
ក្នុងទំហំទឹកប្រាក់ប្រមាណ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជា ក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវា។
ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំង នៅកម្ពុជា (ជាង៤០០ក្រុមហ៊ុន) បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារាំងនៅកម្ពុជា។
លោកបញ្ជាក់ថា “តួលេខទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើក នៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ”។
ថ្ងៃទីបីនៃវេទិកានេះ នឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងរកទីតាំងសេដ្ឋកិច្ចសំខាន់ៗ និងជួបជាមួយតំណាងរដ្ឋាភិបាល។
លោក Girot បានបញ្ជាក់ថា វេទិកាធុរកិច្ចបារាំងកម្ពុជាឆ្នាំ២០២៤នេះ មានគោលបំណងជំរុញ ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីថ្មី ដែលផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។
អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គម្រោងនៅកម្ពុជាមានច្រើន ដែលត្រូវការចាប់ដៃគូជាមួយវិនិយោគិនបារាំង ដោយរង់ចាំមើលលទ្ធភាពខាងភាគីបារាំង។
អ្នកឧកញ៉ាបាននិយាយថា ក្រោយមានការរឹតចំណងការទូតរវាងប្រទេសទាំងពីរ ដោយមានការធ្វើទស្សនកិច្ច ជាបន្ដបន្ទាប់ពីសំណាក់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ដ្រី និងនាយករដ្ឋមន្ដ្រីបច្ចុប្បន្ន វិនិយោគិនបារាំងជាច្រើន បង្ហាញចំណាប់អារម្មណ៍មកធ្វើជំនួញនៅកម្ពុជា។
លោកបានលើកឡើងថា “បារាំងមានជំនាញខាងកសិកម្ម ថាមពលអគ្គិសនី ជាក់ស្ដែង ក្រុមហ៊ុន Total ដែលកំពុងតែពង្រីកខ្លួនបន្ថែម”។ លោកបានបន្ដថា អ្វីដែលយើងចង់បានពីវេទិកាធុរកិច្ចបារាំង-កម្ពុជានេះ គឺយើងចង់បានគម្រោងវិនិយោគថ្មីៗ និងថែទាំអ្វីដែលមានបច្ចុប្បន្ន”។
អ្នកឧកញ៉ាគិត ម៉េង បានបន្ដថា សភាពាណិជ្ជកម្មកម្ពុជាមានសេចក្តីសោមនស្សរីករាយ ក្នុងការសហការរៀបចំជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា និង MECDF ដោយមានការគាំទ្រពីឯកអគ្គរដ្ឋទូតបារាំង។
លោកបញ្ជាក់ថា “នេះនឹងក្លាយទៅជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”៕