អគារខ្ពស់ជាងគេបង្អស់នៅរដ្ឋធានីហាណូយត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃទឹកប្រាក់៧៥៣លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសកូរ៉េខាងត្បូង Aon Plc បានប្រកាសដាក់លក់អគារ Landmark 72 របស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងតម្លៃជាង១ទ្រីលានវ៉ុន (ប្រហែល៧៥៣លានដុល្លារអាមេរិក)។

អគារ Landmark 72 ជាអគារខ្ពស់ជាងគេបំផុតនៅទីក្រុងហាណូយ និងជាអគារខ្ពស់ជាងគេលំដាប់ទីពីរនៅប្រទេសវៀតណាម។

កាសែត The Korea Economic Daily បានរាយការណ៍ដោយដកស្រង់ប្រភពចេញពីធនាគារវិនិយោគនៅទីក្រុងសេអ៊ូលថា ក្រុមហ៊ុន Aon Plc កំពុងពិភាក្សាជាមួយអ្នកដេញថ្លៃដ៏មានសក្តានុពលដើម្បីលក់អគារខ្ពស់កប់ពពកនេះ។

ក្រុមហ៊ុន Aon បានទិញយកអគារ Landmark 72 ក្នុងតម្លៃ៤៥៤ពាន់លានវ៉ុន (ប្រហែល៣៤១,៧លានដុល្លារ) ក្នុងឆ្នាំ២០១៥ពីក្រុមហ៊ុនសំណង់ខ្នាតមធ្យមរបស់កូរ៉េខាងត្បូង SM Keangnam Enterprises Ltd បន្ទាប់ពីបានប្រកួតប្រជែងឈ្នះបណ្តាមូលនិធិវិនិយោគពហុជាតិជាច្រើនក្នុងពេលដេញថ្លៃ។

ការសាងសង់អគារ Landmark 72 ឬហៅបានម្យា៉ងទៀតថា អគារ Keangnam Hanoi Landmark Tower បានចាប់ផ្តើមឡើងនៅឆ្នាំ២០០៧ និងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០១២។

អគារ Landmark 72 ជាបណ្តុំអគារ​ដែល​មាន​ផ្ទៃ​ក្រឡាធំជាង​គេ​នៅក្នុង​ប្រទេស​វៀតណាម ដោយមាន​ទំហំ​ជាង៦០៨.៩០០ម៉ែត្រការ៉េ។

បណ្តុំអគារ Landmark 72 រួមបញ្ចូលទាំងប៉មអគារទោលចំនួន៧២ជាន់ដែលមានកម្ពស់៣៥០ម៉ែត្រ និងប៉មអគារភ្លោះចំនួន៤៨ជាន់ ដែលមានកម្ពស់២១២ម៉ែត្រដូចគ្នា។

អគារនេះធ្លាប់ជាអគារខ្ពស់ជាងគេនៅប្រទេសវៀតណាម មុនពេលក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup បានសាងសង់អគារ Landmark 81 ចំនួន៨១ជាន់ជាមួយនឹងកម្ពស់៤៦១ម៉ែត្រក្នុងឆ្នាំ២០១៨នៅទីក្រុងហូជីមិញ។

អគារ Landmark 72 មានអត្រាគ្របដណ្តប់ការប្រើប្រាស់ខ្ពស់បំផុតប្រមាណ៩៨ភាគរយ ដោយសារអគារនេះស្ថិតនៅចំទីតាំងល្អនៅក្នុងរដ្ឋធានីហាណូយ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ Avison Young Vietnam បានឱ្យដឹងថា ការជួលការិយាល័យប្រចាំខែនៅអគារនេះបានហក់ឡើងដល់៣៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយមិនរាប់បញ្ចូលថ្លៃសេវាចំនួន៦,៨ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Tuoi Tre News៕


LEAVE A REPLY

Please enter your comment!
Please enter your name here