ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈទិន្នន័យទីផ្សារការងារអាមេរិកបានជំរុញឱ្យក្រុមអ្នកវិនិយោគបន្ទាបការរំពឹងទុករបស់ពួកគេចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងទ្រង់ទ្រាយធំរបស់ធនាគារកណ្ដាលអាមេរិក(Fed) នៅខែវិច្ឆិកាខាងមុខ។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២.៦៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៤ភាគរយដល់២៦៦២,២០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៨នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៤៣,៥៨ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦៦៦ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៤០ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៥៤ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,១២%ដល់៣១,៦៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៩៨%ដល់៩៧៧,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ២,០៣%ដល់១០០៥,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៥១នាទីព្រឹក៕