ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២២,១៧ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៨ភាគរយដល់ត្រឹម៣៣៣៨,២៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៩ភាគរយដល់៣៣៥៩,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។
ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៩,១៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,១០ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕