តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ស្របពេលមានការកើនឡើងកំដៅនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការគំរាមកំហែងសារជាថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធពីអត្រា២៥ភាគរយដល់៥០ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូម។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៥ភាគរយដល់ត្រឹម៣៣០៧,១៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥៤ភាគរយដល់៣៣០៦,៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៨,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៩,៣១ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៣៣ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៥ភាគរយដល់៣៣,១១ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៨៦ភាគរយដល់១០៤៥,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៤ភាគរយដល់៩៦៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here