តើអគារមានរាងគូបធំជាងគេបំផុតលើពិភពលោកក្នុងរាជធានីរបស់អារ៉ាប៊ីសាអូឌីតសម្រេចបានវឌ្ឍនភាពដល់ណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអគារមានរាងគូប Mukaab ខ្នាតយក្សនៅទីក្រុងរីយ៉ាដ ដែលជារាជធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបានវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងដំណាក់កាលសាងសង់ដំបូងរបស់ខ្លួនគិតនៅត្រឹមខែមិថុនា ឆ្នាំ២០២៥។

ជាក់ស្តែង ការងារជីកខួងដីសម្រាប់សាងសង់អគារ Mukaab និងតំបន់ជុំវិញរបស់គម្រោងនេះ សម្រេចបានវឌ្ឍនភាពចំនួន៨៦ភាគរយ ដោយបានខួងដីចេញជាង១០លានម៉ែត្រគូប។

គម្រោង Mukaab ជា​អគារ​គូបខ្ពស់​កប់ពពក​ដែល​មាន​កម្ពស់ ទទឹង និង​បណ្តោយស្មើគ្នាប្រវែង៤០០ម៉ែត្រ។គម្រោងនេះត្រូវបានរចនាឡើងដើម្បីប្រែក្លាយជាការអភិវឌ្ឍន៍ចម្រុះ រួមមានលំនៅដ្ឋាន ពាណិជ្ជកម្ម និងកន្លែងកម្សាន្ត។

-->

គម្រោងអគារ Mukaab ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ “New Murabba” ដែលមានគោលបំណងប្រែក្លាយតំបន់កណ្តាលរាជធានី Riyadh ទៅជាមជ្ឈមណ្ឌលទីក្រុងសម័យទំនើបប្រកបដោយនិរន្តរភាព។

គម្រោងអគារមានរាងគូបនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០ខាងមុខ ដោយស្របតាមគំនិតផ្តួចផ្តើម“ចក្ខុវិស័យឆ្នាំ២០៣០” របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍន៍ទីក្រុង។

គម្រោងអគារ Mukaab គ្រោងចំណាយទុនវិនិយោគចំនួន៥០ពាន់លានដុល្លារអាមេរិក ដោយមានផ្ទៃក្រឡាខាងក្នុងសរុបជាង២លានម៉ែត្រការ៉េ។ អគារខ្ពស់កប់ពពកដ៏មហិមានេះនឹងក្លាយជាអគារធំជាងគេបំផុតរបស់ពិភពលោក បើគិតពីទំហំអគារ៕