ដោយៈ គង់ សូរិយា
ភ្នំពេញៈ កម្ពុជារកបានប្រាក់ចំណូល បានចំនួន៣៦០០លានដុល្លារទៅបណ្តាប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) នារយៈពេល៤ខែដើមឆ្នាំ២០២៥នេះ កើនឡើងជិត៨ភាគរយធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលផ្តួចផ្តើមឡើងដោយប្រទេសសមាជិកអាស៊ានទាំង១០។ បច្ចុប្បន្ន RCEP មានសមាជិកចំនួន១៥ប្រទេស ក្នុងនោះ១០ប្រទេស គឺជាសមាជិកអាស៊ាន និងចំនួន ៥ ផ្សេងទៀតរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ចន្លោះពីខែមករា -មេសា ឆ្នាំ២០២៥ កម្ពុជាបាននាំទំនិញទៅទីផ្សារបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP ក្នុងទឹកប្រាក់ជិត៣,៦២ពាន់លានដុល្លារ កើនឡើង៧,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ប្រទេសសមាជិក RCEP ដែលទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេ រួមមាន វៀតណាម ចិន ជប៉ុន ថៃ និងកូរ៉េខាងត្បូង។
ទន្ទឹមនឹងការនាំចេញខាងលើ កម្ពុជាក៏បាននាំចូលទំនិញពីបណ្តាប្រទេសនៃកិច្ចប្រមព្រៀងRCEP ក្នុងទឹកប្រាក់ប្រមាណ៩,៣១ពាន់លានដុល្លារ កើនឡើង១៨,៨៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដែលមាន៦,៨៣ពាន់លានដុល្លារ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមទិន្នន័យខាងលើ គឺរយៈពេល៤ខែដើមឆ្នាំ ២០២៥ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា ជាមួយប្រទេសសមាជិក RCEP មានទឹកប្រាក់សរុប១២,៩៣ ពាន់លានដុល្លារ កើន១៥,៤៧ភាគរយ ឬស្មើ ៦៦ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិ របស់កម្ពុជារយៈពេល ៤ខែ ដែលមាន១៩,៥ពាន់លានដុល្លារ។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានមានប្រសាសន៍ថា ទោះចំនួនទឹកប្រាក់នាំចេញទំនិញកម្ពុជា ទៅបណ្តាប្រទេស RECP កើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែបើធៀបនឹងចំនួនទឹកប្រាក់នាំទំនិញ ទៅទីផ្សារប្រទេសនៅអាមេរិកខាងជើង (សហរដ្ឋអាមេរិក-កាណាដា) និងសហគមន៍អឺរ៉ុប គឺនៅមានបរិមាណតិចតួចនៅឡើយ។
លោកបន្តថា មូលហេតុដែលការនាំចេញទៅ RCEP មានចំនួនតិច គឺដោយសារមុខទំនិញរបស់បណ្តាប្រទេស ក្នុងតំបន់អាស៊ានទាំង ១០ ប្រហាក់ប្រហែលគ្នា”។
លោកបន្តថា កម្ពុជាអាចពង្រីកការនាំចេញទៅនានា លើពិភពលោក ជាពិសេសRCEP បានកាន់តែច្រើន ប្រសិនបើអាចទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុនផ្ទាល់ លើរោងចក្រផលិតគ្រឿងបង្គុំ ដំឡើងរថយន្ត ផលិតបន្ទះឈីប ឬគ្រឿងយន្តប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ខណៈនៅពេលនេះផលិតផលឧស្សាហកម្មនាំចេញរបស់កម្ពុជា មានភាគច្រើនស្ថិតក្នុងវិស័យវាយនភណ្ឌ តែប៉ុណ្ណោះ។
ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាននិយាយថា បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២(ដំណាលគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន) វាបាននាំមកនូវផលវិជ្ជមានជាច្រើន សម្រាប់ទីផ្សារនាំចេញកម្ពុជា។ កិច្ចព្រមព្រៀងRCEP បានអត្ថប្រយោជន៍ដលប្រទេសហត្ថលេខីទាំងអស់ នូវការអនុគ្រោះពន្ធលើទំនិញផ្សេងៗ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងឱកាសការងារដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស(FDI)។
លោកថ្លែងបញ្ជាក់ថា “ការចូលជាធរមានរបស់កិច្ចព្រមព្រៀងRCEP នៅឆ្នាំ២០២២ បានក្លាយជាកត្តាជំរុញថ្មីមួយ សម្រាប់កំណើនការនាំចេញរយៈពេលវែងរបស់កម្ពុជា ខណៈស្ថិតក្រោមកិច្ចព្រមព្រៀងនេះ វាបានជួយកាត់បន្ថយពន្ធមួយចំនួន ដែលអាចឱ្យកម្ពុជាទាញយកឱកាសដើម្បីជំរុញការនាំចេញទំនិញ”៕