ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL) បានឱ្យដឹងថា វិស័យអចលនទ្រព្យរបស់ប្រទេសជប៉ុនបានឈានដល់ចំណុចសំខាន់មួយ ខណៈទីក្រុងតូក្យូបានទាក់ទាញការវិនិយោគអចលនទ្រព្យក្នុងទំហំទឹកប្រាក់ចំនួន១១ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។
តួលេខខាងលើនេះបានវ៉ាដាច់ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលទាក់ទាញបានការវិនិយោគអចលនទ្រព្យក្នុងទំហំទឹកប្រាក់ចំនួន៧,៣ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា។
យោងតាមតួលេខផ្លូវការបានបង្ហាញថា ការវិនិយោគអចលនទ្រព្យទូទាំងប្រទេសជប៉ុនបានហក់ឡើង២៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈបណ្តាក្រុមហ៊ុនមូលធនបរទេសកំពុងស្វែងរកឱកាស ដោយសារអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលជប៉ុនមានកម្រិតទាប។
បណ្តាវិនិយោគិនបរទេសបានបង្កើនទុនវិនិយោគរបស់ពួកគេទ្វេរដងនៅក្នុងប្រទេសជប៉ុន។ ក្នុងនោះ មូលធនឆ្លងដែនមានចំនួន៣២ភាគរយនៃការវិនិយោគអចលនទ្រព្យសរុបរបស់ទីក្រុងតូក្យូ។
ទីផ្សារការិយាល័យបាននាំមុខគេ ដោយបង្កើតបានចំណែកដ៏ធំបំផុតនៃកិច្ចព្រមព្រៀង ខណៈផ្នែកលក់រាយ និងសណ្ឋាគារក៏សម្រេចបានកំណើននៃការវិនិយោគគួរឱ្យកត់សម្គាល់ផងដែរ។
ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បទប្បញ្ញត្តិប្រកបដោយតម្លាភាព និងការបើកចំហចំពោះភាពជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យដល់បរទេសបានជួយធ្វើឱ្យប្រទេសជប៉ុនក្លាយជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញមួយទាំងក្នុងតំបន់ និងពិភពលោក។
ម្យ៉ាងទៀត ការដាំក្បាលចុះនៃប្រាក់យ៉េនរបស់ជប៉ុនបានជំរុញអំណាចនៃការទិញពីបរទេស ខណៈកម្រិតអត្រាការប្រាក់ទាបរបស់ធនាគារកណ្តាលជប៉ុនបានកាត់បន្ថយការចំណាយលើការខ្ចីប្រាក់។ រដ្ឋាភិបាលជប៉ុនក៏បានបន្ធូរបន្ថយច្បាប់ទិដ្ឋាការ និងផ្តល់ការលើកទឹកចិត្តផ្សេងៗដើម្បីទាក់ទាញអ្នកវិនិយោគអន្តរជាតិ។
កិច្ចព្រមព្រៀងទិញយកអចលនទ្រព្យធំៗ ដូចជា ការទិញយកអគារ Tokyo Garden Terrace Kioicho ដោយក្រុមហ៊ុន Blackstone បានបង្ហាញពីនិន្នាការខាងលើនេះ។ ការកើនឡើងនៃវិស័យទេសចរណ៍ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ដោយជួយជំរុញឱ្យតម្រូវការសណ្ឋាគារ និងការជួលរយៈពេលខ្លីកើនឡើង៕