ដោយ: គង់ លាងហួរ
ប៉េកាំង: រដ្ឋាភិបាលរបស់ប្រទេសចិនកំពុងងាកទៅប្រើប្រាស់កម្មវិធីមូលនិធិសន្សំចំនួន១០,៩ទ្រីលានយ័ន(ប្រមាណ១,៥ទ្រីលានដុល្លារអាមេរិក) ក្នុងគោលបំណងផ្តល់កម្ចីទិញផ្ទះដើម្បីជំរុញគាំទ្រដល់ទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ជំនួសឱ្យការស្វែងរកប្រាក់កម្ចីពីធនាគារ។
កម្មវិធីមូលនិធិសន្សំរបស់រដ្ឋាភិបាលចិនបានក្លាយជាប្រភពដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ទិញផ្ទះ ជាពិសេស ស្របពេលធនាគារនានាកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ មុនពេលសម្រេចចិត្តផ្តល់កម្ចីដល់អតិថិជន។ កាលពីឆ្នាំមុន រដ្ឋាភិបាលចិនបានផ្តល់កម្ចីទិញផ្ទះចំនួន៨,១ទ្រីលានយ័ន។តួលេខនេះមានចំនួនច្រើនជាងទំហំប្រាក់កម្ចី ដែលផ្តល់ដោយធនាគារ។
លោកស្រី Chen Wenjing នាយកស្រាវជ្រាវនៃក្រុមហ៊ុន China Index Holdings Ltd បានលើកឡើងថា “កញ្ចប់មូលនិធិខាងលើនេះជាកត្តានាំមុខគេក្នុងចំណោមគោលនយោបាយផ្សេងទៀតក្នុងគោលដៅដើម្បីគាំទ្រដល់ទីផ្សារលំនៅដ្ឋាន”។
លោកស្រី Chen Wenjing បានមានប្រសាសន៍ឱ្យដឹងបន្តថា “ទីផ្សារលំនៅដ្ឋានបានទទទួលរងសម្ពាធជាយូរ ហើយរដ្ឋបាលក្នុងតំបន់មូលដ្ឋានជាច្រើនបានប្រើប្រាស់គោលនយោបាយនេះ ដើម្បីកាត់បន្ថយបន្ទុកលើកម្ចីទិញផ្ទះ”។
រដ្ឋាភិបាលចិនបានយកលំនាំកម្មវិធីនេះពីប្រទេសសិង្ហបុរីកាលពី៣០ឆ្នាំមុន។ កម្មវិធីនេះតម្រូវឱ្យទាំងនិយោជិត និងនិយោជកបង់វិភាគទានប្រចាំខែទៅក្នុងមូលនិធិ ដែលត្រូវបានប្រើដើម្បីផ្តល់ប្រាក់កម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ទាបជាងធនាគារ។
កន្លងមក ប្រធានាធិបតីចិនលោក សុី ជីនពីង បានប្តេជ្ញាស្តារទីផ្សារអចលនទ្រព្យឡើងវិញ និងទប់ទល់នឹងបញ្ហាប្រឈមមកពីខាងក្រៅ ស្របពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជាពិសេសការដោះដូរពាណិជ្ជកម្ម។
សារៈសំខាន់របស់កម្មវិធីមូលនិធិសន្សំកំពុងកើនឡើង ស្របពេលធនាគារនានានៅប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងប្រឈមមុខនឹងបញ្ហាដូចជា ការថយចុះនៃប្រាក់ចំណេញ និងការកើនឡើងនូវបំណុលអាក្រក់៕