ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំនេះ តំបន់ដែលមានតម្លៃជួលការិយាល័យថ្លៃបំផុតនៅរដ្ឋធានីម៉ានីល (Manila) របស់ប្រទេសហ្វីលីពីនត្រូវបានប្រមូលផ្តុំភាគច្រើននៅចំកណ្តាលទីក្រុង ដូចជា តំបន់ពាណិជ្ជកម្មកណ្តាល (CBDs)ជាដើម។
ខាងក្រោមនេះជាតំបន់ទាំង៥ ដែលមានតម្លៃជួលការិយាល័យខ្ពស់ជាងគេនៅទីក្រុងម៉ានីលដោយសារទីតាំងយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងតម្រូវការខ្ពស់ពីក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍។
ទី១: តំបន់ Makati Prime
តំបន់ Makati Prime រួមមានអគារការិយាល័យ ដែលបន្តរក្សាបានតម្លៃជួល និងតម្រូវការខ្ពស់ ដោយសារទីតាំងយុទ្ធសាស្ត្រ។ការជួលការិយាល័យនៅតំបន់ Makati Prime មានតម្លៃជាមធ្យមចំនួន១.២៨៩ប៉េសូ(ប្រហែល២៣,១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
ទី២: តំបន់ Makati CBD
តំបន់ Makati CBD នៅតែជាតំបន់ដែលមានតម្លៃជួលការិយាល័យថ្លៃបំផុតនៅទីក្រុងម៉ានីល ដោយមានអគារការិយាល័យសំខាន់ល្បីៗនៅតាមបណ្តោយវិថី Ayala Avenue។ការជួលការិយាល័យនៅតំបន់នេះមានតម្លៃជាមធ្យមចំនួន១.២៥៦ប៉េសូ(ប្រហែល២២,៥១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
ទី៣: តំបន់ Taguig (BGC)
តំបន់ Taguig ឬហៅថា Bonifacio Global City
(BGC) ឈរនៅរៀងទី២ ដោយផ្តល់ជូននូវការអភិវឌ្ឍន៍អគារការិយាល័យទំនើប ដែលទាក់ទាញអ្នកជួលលំដាប់ខ្ពស់។ការជួលការិយាល័យនៅតំបន់ Taguig មានតម្លៃជាមធ្យមចំនួន១.២៥០ប៉េសូ(ប្រហែល២២,៤១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
ទី៤: តំបន់ Quezon City
តំបន់ Quezon City មានតម្លៃជួលការិយាល័យក្នុងអត្រាទាបជាងបន្តិចបើធៀបនឹងតំបន់ Makati និងតំបន់ Taguig ដោយទាក់ទាញដល់ក្រុមហ៊ុនអាជីវកម្ម ដែលស្វែងរកទីតាំងដែលមានទាំងគុណភាព និងមានតម្លៃសមរម្យ។ការជួលការិយាល័យនៅតំបន់នេះមានតម្លៃជាមធ្យមចំនួន១.២០៨ប៉េសូ(ប្រហែល២១,៦៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
ទី៥: តំបន់ Bay Area (Pasay)
តំបន់ Bay Area មានតម្លៃជួលការិយាល័យប្រកបដោយភាពប្រកួតប្រជែង ដោយមានផ្សារទំនើបខ្នាតយក្ស SM Mall of Asia បម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់។ការជួលការិយាល័យនៅតំបន់នេះមានតម្លៃជាមធ្យមចំនួន៩៧២ប៉េសូ(ប្រហែល១៧,៤២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕