តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងគូឡាឡាំពួរសម្រេចបានកំណើនតិចតួច ខណៈមានការផ្គត់ផ្គង់លើសតម្រូវការ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកទល់ពេលនេះ តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅទីក្រុងគូឡាឡាំពួរ ដែលជារាជធានីរបស់ប្រទេសម៉ាឡេសុីកំពុងសម្រេចបានកំណើនតិចតួច ជាពិសេសនៅក្នុងផ្នែក និងទីតាំងមួយចំនួន។

នៅឆ្នាំ២០២៥នេះ តម្លៃផ្ទះជាប់ដី(Landed house)នៅតំបន់ Klang Valley ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៤ភាគរយ។ ការកើនឡើងនេះបណ្តាលមកពីកត្តាមួយចំនួនដូចជា កង្វះដីធ្លីសម្រាប់ការអភិវឌ្ឍន៍ និងការកើនឡើងតម្លៃសំណង់។

ខុនដូប្រណីតមួយចំនួននៅក្នុងគម្រោងសំខាន់ល្បីៗដូចជា គម្រោង Desa ParkCity កំពុងសង្កេតឃើញមានការកើនឡើងថ្លៃ ដោយសារតែតម្រូវការពីអ្នកវិនិយោគបរទេស និងជនបរទេស។

ជាធម្មតា ខុនដូនៅក្នុងតំបន់កណ្តាលក្រុងគូឡាឡាំពួរ (KLCC) មានតម្លៃចាប់ពី១.៥០០រីងហ្គីតទៅ២.៥០០រីងហ្គីតក្នុងមួយហ្វីតការ៉េ។ចំណែក ខុនដូនៅតំបន់ជាយក្រុងដូចជា តំបន់ Setapak និងតំបន់ Sri Petaling មានតម្លៃសមរម្យជាង ជាមួយនឹងតម្លៃចាប់ពី៥០០រីងហ្គីតទៅ៨០០រីងហ្គីតក្នុងមួយហ្វីតការ៉េ។

រាជធានីមួយនេះបានប្រឈមមុខនឹងការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ ដែលនាំឱ្យតម្លៃផ្ទះស្ថិតនៅទ្រឹង ឬធ្លាក់ចុះនៅក្នុងតំបន់មួយចំនួន។ ជាក់ស្តែង លំនៅដ្ឋានថ្មីប្រមាណ២៥.០០០យូនីតនៅទូទាំងប្រទេសម៉ាឡេសុីមិនទាន់លក់ដាច់នៅឡើយ ដោយទីក្រុងគូឡាឡាំពួរមានចំនួនលំនៅដ្ឋានលក់មិនដាច់ជាង៣.០០០យូនីត។

យោងតាមការសិក្សាបង្ហាញថា នាពេលបច្ចុប្បន្ន អ្នកទិញផ្ទះមានការប្រុងប្រយ័ត្ន ដោយមនុស្សជាច្រើនចាត់ទុកទីផ្សារបច្ចុប្បន្នជាទីផ្សាររបស់អ្នកទិញ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ ដែលនាំឱ្យអ្នកទិញមានប្រៀបជាងអ្នកលក់។ ក្រុមអ្នកជំនាញបានជំរុញឱ្យមានការទប់ស្កាត់ការទិញអចលនទ្រព្យក្នុងគោលបំណងវិនិយោគរយៈពេលខ្លី ដោយលើកឡើងពីបញ្ហាប្រឈមក្នុងការលក់ចេញវិញ(Resale)។

ក្នុងបរិបទនេះ រាជធានីគូឡាឡាំពួរផ្តល់ឱកាសសម្រាប់អ្នកវិនិយោគក្នុងការទិញបានអចលនទ្រព្យក្នុងតម្លៃប្រកួតប្រជែង ជាពិសេសនៅក្នុងតំបន់ដែលមានការផ្គត់ផ្គង់លើសតម្រូវការ។ ទោះជាយ៉ាងណា អ្នកទិញគួរពិចារណាលើផែនការរយៈពេលវែង និងយល់ដឹងពីបញ្ហាប្រឈមដែលអាចកើតមានក្នុងការលក់ចេញបន្ត។

ក្រុមអ្នកជំនាញក៏បានជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍ងាកទៅរកការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ និងការធ្វើយ៉ាងណាឱ្យការអភិវឌ្ឍន៍ស្របតាមតម្រូវការទីផ្សារជាក់ស្តែង ដើម្បីអាចកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការផ្គត់ផ្គង់លើសតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here