អ្នកវិនិយោគម៉ាកាវបង្កើតសហគមន៍លំនៅដ្ឋានខ្នាតយក្សមួយដើម្បីទាក់ទាញប្រជាជនហុងកុងចូលនិវត្តន៍

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែតហុងកុង South China Morning Post បានរាយការណ៍ថា អ្នកវិនិយោគមួយរូបមកពីទីក្រុងម៉ាកាវកំពុងកំណត់គោលដៅលើប្រជាជនហុងកុងចូលនិវត្តន៍ ជាមួយនឹងការបើកដំណើរការគម្រោងលំនៅដ្ឋានប្រណីតថ្មីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area របស់ប្រទេសចិន។

លោក Amber Li ស្ថាបនិកសហគមន៍ Serensia Woods បានមានប្រសាសន៍ឱ្យដឹងថា “យើងសង្កេតឃើញមានការខ្វះខាតនូវជម្រើសនៃលំនៅដ្ឋានសម្រាប់អ្នកចូលនិវត្តន៍ និងរបៀបរស់នៅដែលមានគុណភាពខ្ពស់សម្រាប់ពួកគេនៅក្នុងទីក្រុងហុងកុង”។

សហគមន៍ Serensia Woods ស្ថិតនៅលើកោះមួយនៅក្នុងទីក្រុងក្វាងទុងជិតទីក្រុងម៉ាកាវ រួមមានសណ្ឋាគារ១៣៣បន្ទប់ អគារលំនៅដ្ឋានចំនួន៤ ដែលមានផ្ទះសរុប៣០០យូនីត អគារមជ្ឈមណ្ឌលសុខភាពចំនួន២ និងមជ្ឈមណ្ឌលស្ប៉ាចំនួនមួយ។ គម្រោងសហគមន៍នេះមានតម្លៃ២ពាន់លានយ័ន (ប្រមាណ២៧៨,៤លានដុល្លារអាមេរិក) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនយក្សម៉ាកាវ HN Group ។

សហគមន៍ Serensia Woods មានទំហំ១៣៥.០០០ម៉ែត្រការ៉េ កំពុងបំពេញតម្រូវការរបស់ប្រជាជនហុងកុងដែលមានវ័យចំណាស់ ជាមួយនឹងផ្ទះល្វែងដែលមានតម្លៃចាប់ពី១០លានដុល្លារហុងកុង(ប្រមាណ១,៣លានដុល្លារអាមេរិក)ក្នុងមួយយូនីត។

ក្នុងចំណោមផ្ទះសរុបទាំង៣០០យូនីតនៅក្នុងសហគមន៍ Serensia Woods យើងនឹងដាក់លក់ផ្ទះប្រមាណ២០០យូនីតក្នុងពេលឆាប់ៗនេះ ហើយក្នុងនោះផ្ទះចំនួន៨យូនីតនឹងត្រូវបានដាក់លក់ក្នុងតម្លៃទាបសមរម្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here