ដោយៈ និស្ស័យ
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាចនៅព្រឹកថ្ងៃទី១៣ មិថុនានេះបានលើកឡើងថា បើភាគីថៃមិនព្រមបើកច្រកព្រំដែន ដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច។
ចំណុចទាំង៦នោះ មានខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា យប់ម៉ិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាច ទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើលើ៦ចំណុច ដូចជាទី១ ប្រកាសបិទឈប់ទិញទំនិញថៃ មកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។
ទី២ ត្រៀមទិញទំនិញដែលភាគច្រើន ជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជន ទាំងក្នុងស្រុក និងក្រៅស្រុក។ ទី៣ បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាល ក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។
ទី៤ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករ ដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។
ទី៥ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន និងទី៦បណ្តាខេត្តនៅជិតព្រំដែន ត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។
សម្តេចបញ្ជាក់ទៀតថា “បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ”។
ជាមួយគ្នានេះ សម្តេចបានថ្លែងអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយម ដូចជា បាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕