ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានប្រកាសផ្លូវការនូវ “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩។
ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ឆ្នាំ២០២៥-២០២៩ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាដ៏មុតមាំ និងយូរអង្វែងរបស់អូស្ត្រាលីក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
យោងតាមការបង្ហោះព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញកាលពីល្ងាចថ្ងៃទី២៤ មិថុនាថា ផ្អែកលើទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងភាពជឿជាក់ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។
ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលីជាមួយកម្ពុជា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រួមមាន៖
១) ការពង្រឹងស្ថាប័ន
២) សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង
៣) សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព៕