កិច្ចប្រជុំ GBC នៅម៉ាឡេស៉ី៖ «កម្ពុជា-ថៃ ឯកភាពគ្នាបន្ដអនុវត្តបទឈប់បាញ់ និងមិនចល័តកម្លាំងប្រដាប់អាវុធ»

0

ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៉ី នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានបន្ដឯកភាពគ្នាអនុវត្តបទឈប់បាញ់ និងវាយប្រហារលើជនស៉ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនៃជនស៉ីវិលទាំងអស់។

ផ្អែកតាមលទ្ធផលដែលបានប្រកាសជាផ្លូវការ ក្រោយបញ្ចប់កិច្ចប្រជុំ GBC ភាគីកម្ពុជា-ថៃ ក៏បានឯកភាពគ្នា បញ្ចៀសរាល់ការផ្ទុះអាវុធទាំងអស់ និងមិនឲ្យភាគីណាបំពានដាច់ខាតលើកិច្ចព្រមព្រៀងនេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងភាគីថៃដឹកនាំដោយ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ានប្ដូរវេន និងមានការចូលរួមពីតំណាងសហរដ្ឋអាេមរិក និងសាធារណៈរដ្ឋប្រជាមានិតចិនផងដែរ។

ក្នុងកិច្ចព្រមព្រៀងចំណុចទី១ បានបញ្ជាក់ខ្លឹមសារយ៉ាងដូច្នេះថា «ភាគីទាំងពីរ​ឯកភាពលើការឈប់បាញ់ ពាក់ព័ន្ធគ្រប់ប្រភេទអាវុធទាំងអស់ រួមបញ្ចូលទាំងការវាយប្រហារលើជនស៉ីវិល ហេដ្ឋារចនាសម្ព័ន្ធស៉ីវិល និងគោលដៅយោធានៃភាគីទាំងសងខាង ក្នុងគ្រប់ករណី និងតំបន់ទាំងអស់។ ភាគីទាំងពីរចាំបាច់ត្រូវចៀសវាងការបាញ់ប្រហារទាំងគ្មានការបង្កហេតុ សំដៅទៅលើទីតាំង ឬកងទ័ពរបស់ភាគីម្ខាងទៀត។ ការព្រមព្រៀងនេះ មិនត្រូវបំពានដាច់ខាត ទោះស្ថិតក្រោមកាលៈទេសៈបែបណាក៏ដោយ»

បន្ថែមពីនេះ ភាគីទាំងពីរកម្ពុជា-ថៃ ក៏បានយល់ព្រមរក្សាស្ថានភាពបច្ចុប្បន្ន នៃការដាក់ពង្រាយកងទ័ព ដោយមិនមានការចល័តបន្ថែមទៀត គិតត្រឹមបទឈប់បាញ់ ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយមិនត្រូវឲ្យមានការចល័តកងទ័ព រាប់បញ្ចូលទាំងការល្បាត សំដៅទៅកាន់​ទីតាំងភាគីម្ខាងទៀត។ ភាគីទាំងពីរយល់ស្រប មិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាងកម្ពុជា-ថៃ។

សូមជម្រាបថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here