ដោយ រ៉ាណេត
ភ្នំពេញ៖ ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ,ការប្រមូលពន្ធអចលនទ្រព្យ និងការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យត្រូវបានសម្រេច និងប្រកាសឱ្យចាប់អនុវត្តសារជាថ្មីដោយនឹងគិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ។
អគ្គនាយកដ្ឋានពន្ធដារបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ, ពន្ធលើអចលនទ្រព្យ និងការត្រៀមការអនុវត្តប្រកាសស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងចាប់ផ្តើមអនុវត្តនៅដើមខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។
លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា កាលពីឆ្នាំ២០១៤ ការប្រមូលពន្ធត្រូវបានទទួលលើសពីផែនការដែលរំពឹងទុករហូតដល់៤,៧ភាគរយ , ឆ្នាំ២០១៥ លើសផែនការចំនួន ១១,៨ភាគរយ , ឆ្នាំ២០១៦ លើសផែនការ ៥,៧ភាគរយ , ឆ្នាំ២០១៧ លើសផែនការ១៥,២ភាគរយ ហើយឆ្នាំ២០១៨ លើសផែនការ ១៤,២៧ភាគរយ ដោយមិនទាន់គិតដល់ចំណូលអាករលើតម្លៃបន្ថែម ដែលកាត់ទុកដោយរតនាគារជាតិនៃកិច្ចសន្យផ្គត់ផ្គង់ទំនិញ និងសេវាប្រើប្រាស់ថវិការដ្ឋ។
លោកបានបញ្ជាក់ទៀតថា “រាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនូវឧបសម្ព័ន្ធស្ដីពី ការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបាននិងអនុវត្តអស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយ ដើម្បីឱ្យស្របតាមការរីកចម្រើនខាងវិស័យអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ន”។
តាមរយៈការធ្វើបច្ចុប្បន្នភាពនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ ៣៤៣ សហវ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះតទៅ ដោយកំណត់យកតម្លៃថ្មីមិនលើសពី ៧០ភាគរយ នៃតម្លៃទីផ្សារជាក់ស្ដែង ជាមួយនឹងការកែសម្រួលពីតំបន់ភូមិសាស្ត្រផដែរ ដោយបន្ថែម និងឬសម្រួលកំណាត់ផ្លូវមេ ឬតំបន់អភិវឌ្ឍ ក៏ដូចជាបុរីដែលទើបនឹងបង្កើតឡើងថ្មីៗ ទីប្រជុំជន ដើម្បីងាយស្រួលក្នុងការអនុវត្ត និងកាត់បន្ថយកម្រិតលម្អៀងតម្លៃសម្ដៅធានាបាននូវសមធម៌»។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ មេសានេះថា ការប្រកាសយកពន្ឋប្រថាប់ត្រាថ្មីនេះ មិនមែនជាការដំឡើងពន្ឋនោះទេ ដោយការយកពន្ឋនៅតែយកក្នុងកម្រិត៤ភាគរយ ក្នុងការផ្ទេរកម្មសិទ្ឋដីធ្លី តាមតម្លៃដីបច្ចុប្បន្ន។ឧទាហរណ៍ ដីនៅតាមផ្លូវមុនីវង្សពីមុនមានតម្លៃ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នតម្លៃ ៥០០០ដុល្លារ គឺរដ្ឋាភិបាលយកពន្ឋតាមតម្លៃដីបច្ចុប្បន្នភាព ប៉ុន្តែមិនមែនជាការដំឡើងពន្ឋនោះទេ គឺពន្ឋនៅតែរក្សាក្នុងអត្រា ៤ភាគរយ។
លោកបន្តថា “ការយកពន្ឋបែបនេះ មិនប៉ះពាល់ដល់វិស័យឯកជនទេ តែធ្វើឲ្យរដ្ឋចំណេញ ដោយបានទទួលប្រាក់ពន្ឋច្រើនជាងមុន”៕