ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍Air Cambodiaតភ្ជាប់ជើងហោះហើរត្រង់ពីក្រុងសៀមរាប ទៅកាន់ទីក្រុងស៊ិនជិននៅថ្ងៃនេះ

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ អ្នកជំនាញមានសុទិដ្ឋិនិយមថា ​កម្ពុជានឹងទទួលបាន ​ភ្ញៀវទេសចរចិន​​កាន់​តែ​ច្រើន មក​ទស្សនា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប ខណៈក្រុមហ៊ុន​អាកាសចរណ៍​ជាតិAir Cambodia នឹង​បើក​ដំណើរ​ការ​ជើង​ហោះហើរ​ត្រង់ ​រវាង​​ខេត្ត​សៀមរាប​ និង​​​ទីក្រុង Shenzhen​ ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដានេះត​ទៅ​។​

យោង​តាម​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​(SCA) ពិធី​សម្ពោធ​ជាផ្លូវ​ការ​ នៃ​ជើងហោះហើរ​ត្រង់​ពី​រវាង​ទី​ក្រុង Shenzhen និង​​អាអាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាបអង្គរ នឹង​ធ្វើឡើង​នៅ​​ថ្ងៃ​ទី​១៨ ខែ​កក្កដា ក្រោម​អធិបតី​ភាព​របស់​ ​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល​ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាAir Cambodia។

ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា ​លោក អន ហេង សុភ័ក្រ្ត បានមានប្រសាសន៍ថា ការ​ភ្ជាប់​​ជើង​ហោះហើរ​ត្រង់​​រវាង​ទីក្រុងShenzhen ជាមួយ​​អាកាស​យានដ្ឋាន​អន្តរជាតិ​​សៀមរាបអង្គរ នឹង​ជួយ​លើក​ទឹក​ចិត្តឱ្យ​​​​​ភ្ញៀវអន្តរជាតិ ពិសេស​ជនជាតិចិន​​ធ្វើ​ដំណើរ​មក​​ទស្សនា​ប្រាសាទ​បុរាណ ​ក្នុង​ខេត្ត​សៀមរាប​​​កាន់​​តែ​ច្រើន​។

លោកបន្តថា “មាន​ជើង​ហោះហើរត្រង់​កាន់​​តែ​ច្រើន គឺ​ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរ​នឹង​កើន​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ”។ លោក​បន្ត​ថា “បច្ចុប្បន្ន​ដោយ​សារ​មិន​សូវ​មាន​ជើង​ហោះហើរ​ត្រង់ ​ពី​ប្រទេស​ចិន​​មក​កាន់​​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដូច្នេះ​ភ្ញៀវ​​​បរទេស​ភាគ​ច្រើន ​​តែង​តែ​ឆ្លង​កាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​ពេល​​បន្ត​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប”។

លោក​បានបន្តថា “​​ការ​បើក​ឱ្យ​មាន​ជើង​ហោះហើរ​ត្រង់​ ពី​ទីក្រុង​ Shenzhen មក​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ គឺ​ប្រាកដ​ជានឹង​ជួយ​ឱ្យ​កម្ពុជា​ អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរចិន រួម​ទាំង​ភ្ញៀវ​បរទេស​ផ្សេង​ទៀត ឱ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ​ និង​តំបន់​រមណីយដ្ឋាន​នៅ​កម្ពុជា​បាន​កាន់​តែ​ច្រើន​​។

ម​លោក សុភ័ក្រ្តបានឲ្យដឹងថា ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ដែល​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជាភាគច្រើន ​ពួក​គេ​ស្នាក់នៅ​ចន្លោះ​ពី​៥ ទៅ​ ៨ថ្ងៃ​។

លោក​បាន​បញ្ជាក់​ថា “​ខ្ញុំ​នាម​ជា​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ ​ខ្ញុំ​សូម​​គាំទ្រ ​និង​រីករាយ​ចំពោះ​​​ការតភ្ជាប់​​ជើង​ហោះហើរ ​រវាង​​ទី​ក្រុង​សំខាន់​ៗរបស់​ប្រទេស​ចិន ជាមួយ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​”។ លោកបន្ថែមថា “ខ្ញុំ​សង្ឃឹម​ថា​នឹង​មានជើង​ហោះហើរ​​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​​​សាសន៍​ ឱ្យធ្វើ​ដំណើរ​មកប្រទេស​កម្ពុជា​កាន់តែ​ច្រើន​​”។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​​ទេសចរ​អង្គរ លោក ខៀវ ធី បាននិយាយថា នៅពេល​​បើក​​​ជើង​ហោះហើរ​ ទៅ​កាន់​គោល​ដៅ​ណាមួយ​ គឺ​ក្រុមហ៊ុន​អាកាសចរណ៍ ​​តែង​តែ​​​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​គោល​ដៅ​នៃ​ផ្លូវ​ហោះហើរ​នោះ។ ការ​នេះ​នឹង​ជួយ​ទាក់​ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន។​ ចំនួន​ភ្ញៀវ​ទេសចរចិន​ដែល​មកទស្សនា​ប្រាសាទបុរាណ ​ក្នុង​ខេត្ត​សៀមរាប​ ហាក់​មិនមាន​កំណើន​នោះ​ទេ​​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

លោក​លើក​ឡើង​ទៀត​ថា “បើ​និយាយ​​ពី​ភ្ញៀវ​ទេសចរចិន​មក​កម្ពុជា គឺ​ពិត​ជា​ច្រើន​នៅ​មុន​ការ​លេច​ឡើង​នៃវត្តមានជំងឺកូវីដ​១៩”។

​លោក ខៀវ ធីបានពន្យល់ថា មូល​ហេតុដែល​​កម្ពុជា​មិន​អាច​ទាក់ទាញ​ជនជាតិ​​ចិន​ឱ្យ​ចូល​​ក​កម្សាន្ត​ច្រើន គឺ​ដោយ​សារ​ភាគ​ច្រើន​នៃ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន គឺ​ជាអ្នក​ចូល​ចិត្ត​ភាព​រីករាយ ឡូយឆាយ ហាងទំនើបៗ និង​ការ​ចំណាយ​ច្រើន ប៉ុន្តែ​ទេសចរណ៍​កម្ពុជា គឺ​មាន​លក្ខណៈ​ជា​ទេសចរណ៍បែប​ធម្មជាតិ និង​​វប្បធម៌។

លោក​បាន​ប្រាប់​ថា ​ទន្ទឹម​នឹង​ការ​បើក​ដំណើរ​ការ​ជើង​ហោះហើរ​រវាង​ខេត្ត​​សៀមរាប​ ជាមួយ​​​ទីក្រុង​ Shenzhen កម្ពុជាត្រូវ​តែ​ខិត​​ខំ​បន្ថែម​ទៀតលើ​ការ​រៀបចំ​ទីតាំង ដែល​ជាការពេញ​និយម​​របស់​ជនជាតិចិន បន្ថែម​ពី​លើ​អ្វី​ដែល​កំពុង​មាន​នា​ពេល​នេះ​​។

យោងតាមរបាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ ខេត្ត​សៀមរាប​បង្ហាញ​ថា ក្នុង​ឆមាស​ទី១ ឆ្នាំ២០២៥ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេសប្រមាណ៥៦៧,៦៧៣​នាក់ កើន​ឡើង៨.៧៦%​ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៤។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-ចិន លោក ឡោ វិចិត្រ បាន​និយាយ​ថា “ជើងហោះហើរ គឺមិន​ត្រឹម​តែ​ដឹក​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ដឹក​​អ្នក​វិនិយោគ និង​អ្នក​ជំនាញ​ផងដែរ​”។

លោកបន្តថា ការ​ពង្រីក​ជើង​ហោះហើរ នឹង​ផ្តល់ជម្រើស​កាន់​តែ​ច្រើន​ទៅ​ដល់​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ចិន​ឱ្យមក​ស្វែង​យល់​ពី​ឱកាស​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន។ ការ​ស្គាល់​ពី​កម្ពុជា និង​នាំ​ឱ្យ​ពួក​គេ​មក​វិនិយោគ​កាន់​តែ​ច្រើន។ ​

របាយការណ៍​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល៥​ខែ​ដើម​ឆ្នាំ​២០២៥ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ​សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាបអង្គរ-និង​ព្រះសីហនុ) គឺ​មាន​ភាព​ល្អ​ប្រសើរ ដោយ​មាន​ជើងហោះហើរ ចេញ-ចូល​​(ទ្វេទិស) មានចំនួន២៧,៦៧០​ជើង​ កើនឡើងជាង១៤​%​ ​បើធៀបនឹងរយៈពេល៥ ​ខែដើម​ឆ្នាំ២០២៤។ ចំណែក​អ្នកដំណើរ(តាម​ផ្លូវ​អាកាស) ចេញ-ចូល​ (ទ្វេទិស) មានចំនួន៣, ០៤២,៥៤៨នាក់ កើនជាង១៨​% និង​ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួន២៩,០១៩​តោន កើនឡើង​៥%​។​

ទិន្នន័យ​ក្រសួងទេសចរណ៍ បានបង្ហាញ​​​ថា រយៈពេល៥ខែ ដើម​ឆ្នាំ ២០២៥ ​កម្ពុជាទទួលបាន​ភ្ញៀវទេសចរអន្តរជាតិជាតិ២,៩៥ លាននាក់ កើនឡើង១១,៧% ​​បើ​ធៀបនឹង​រយៈពេល​ដូចគ្នានៅឆ្នាំ ២០២៤ ។ ក្នុង​ចំនួន​ខាងលើ គឺ​ភ្ញៀវជនជាតិ​ចិន​ មាន​ចំនួន៤៨៨,៩៧៣ ​នាក់ កើនឡើង៥០%៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here