មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងវិស័យឯកជនផ្សព្វផ្សាយរបាយការណ៍នៃការកែទម្រង់ក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជន

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជននានា បានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសហប្រធានក្រុមការងារផ្នែកឯកជន និងសមាជិកពាក់ព័ន្ធចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៌ និងជាសហប្រធានក្រុមការងារ “គ” តំណាងផ្នែករដ្ឋាភិបាល និងសហប្រធានក្រុមការងារផ្នែកឯកជន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាដៃគូសហប្រធាន ក្រុមការងារផ្នែករដ្ឋាភិបាល តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា តំណាងCCCM ដៃគូអភិវឌ្ឍន៌ និងអ្នកពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។

តាមរយៈវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន (G-PSF) លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ចម្បងៗចំនួន១១ចំណុច រួមមាន (១) ការកែសម្រួលបរិយាកាសធុរកិច្ចនិងការវិនិយោគ (២) ការសម្រាលបន្ទុកលើអនុលោមភាព (៣) ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ (៤) កិច្ចសម្រួល ពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ។

(៥) ការលើកកម្ពស់ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ (៦) ការស្ដារនិងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍ (៧) ការអភិវឌ្ឍវិស័យកសិកម្មនិង កសិឧស្សាហកម្ម (៨) វិស័យធនាគារនិងហិរញ្ញវត្ថុ (៩) វិស័យរ៉ែនិងថាមពល (១០) វិស័យសំណង់ និងអចលនទ្រព្យ និង (១១) បញ្ហាផ្សេងៗ។

អនុវត្តតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ខាងលើ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ បន្តពីរបាយការណ៍ឆមាសទី១ ដែលទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ វិធានការជាកញ្ចប់ទាំង១១ចំណុច ត្រូវបាន បំបែកជាវិធានការសរុបចំនួន១៨៨ សម្រាប់ងាយស្រួលដល់ការតាមដាននិងវាយតម្លៃ។

តាមរយៈរបាយការណ៍ឆមាសទី២នេះ ក៏បានពង្រីកវិសាលភាព ដោយគ្របដណ្តប់ផងដែរ នូវលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារតាមវិស័យ ក្នុងរយៈពេល១ឆ្នាំពេញ ក្រោយវេទិកាG-PSF លើកទី១៩។ ក្នុងកំឡុងពេលចាប់ពីក្រោយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រុមការងារតាមវិស័យចំនួន១២ ក្នុងចំណោមក្រុមការងារទាំង១៦ បានរៀបចំកិច្ចប្រជុំយ៉ាងទៀងទាត់ជាមួយវិស័យ ឯកជន សរុបចំនួន១៦លើក ក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច ជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិកាG-PSF លើកទី១៩ និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហា ប្រឈមដទៃដែលវិស័យឯកជនបាននិងកំពុងជួបប្រទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here