ប្រទេសឥណ្ឌារំពឹងក្លាយជាទីផ្សារការិយាល័យធំជាងគេទី៤ នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្តុកការិយាល័យ(Office Stock)ក្នុងប្រទេសឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ទំហំលើសពី១ពាន់លានហ្វីតការ៉េនៅត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥។ ការណ៍នេះនឹងធ្វើឱ្យឥណ្ឌាក្លាយជាទីផ្សារការិយាល័យធំជាងគេទី៤ ទូទាំងពិភពលោក។

គិតមកទល់ឆ្នាំ២០២៥នេះ ទីផ្សារការិយាល័យនៅឥណ្ឌាបានរីកចម្រើនយ៉ាងឆាប់រហ័ស បើធៀបនឹងស្តុកការិយាល័យ ដែលមានទំហំក្រោម២០០លានហ្វីតការ៉េកាលពីដើមទសវត្សរ៍ឆ្នាំ២០០០។នេះបើយោងតាមរបាយការណ៍សិក្សាថ្មីរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានឱ្យដឹងថា តម្លៃជួលការិយាល័យនៅប្រទេសឥណ្ឌាមានតម្លៃសមរម្យបើប្រៀបធៀបនឹងបណ្តាប្រទេសធំៗនានាលើពិភពលោក ស្របពេលប្រទេសឥណ្ឌាសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់នៃតម្រូវការ។

យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងបន្តថា ទីក្រុង Bengaluru តំបន់រដ្ឋធានីញូវដែលី (NCR) និងទីក្រុងបុមបៃ គ្របដណ្តប់បានចំណែក៦០ភាគរយ នៃស្តុកការិយាល័យសរុបនៅប្រទេសឥណ្ឌា ខណៈទីក្រុង Hyderabad ទីក្រុង Pune និងទីក្រុង Chennai គ្របដណ្តប់បានចំណែក៣៣ភាគរយ។

ទីផ្សារការិយាល័យរបស់ប្រទេសឥណ្ឌាបានកើនឡើងក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៨,៦ភាគរយក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។ របាយការណ៍បានបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ប្រទេសឥណ្ឌាមានទំហំការិយាល័យសរុបចំនួន៩៩៣លានហ្វីតការ៉េ៕ប្រភព: Hindustan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here