ដោយនៅ វឌ្ឈនា
ភ្នំពេញៈ ការប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានចំនួនប្រមាណ៩៦ ប៊ីលានរៀល ស្មើនឹងប្រមាណ២៤លានដុល្លារ លើចំនួនអចលនទ្រព្យប្រមាណ២០ ៥០០មូលដ្ឋាន ស្មើរនឹង៣៣.៦ភាគរយ នៃផែនការក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩។ នេះបើយោងតាមតួលេខ របស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយកាលពីពេលថ្មីៗនេះ។
យោងតាមប្រកាសថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងពីការកំណត់តម្លៃ គឺមិនឲ្យលើសពី ៧០%នៃតម្លៃជាក់ស្តែងនៅលើទីផ្សារនៅឡើយ។ ក្រៅពីការធ្វើបច្ចុប្បន្នភាពតម្លៃប្រការនេះ ក៏មានការកែសម្រួលទាក់ទងទៅនឹង ភូមិសាស្ត្រនានាផងដែរ ដោយបន្ថែមឬកែសម្រួល កំណត់ផ្លូវមេបន្ថែមតំបន់អភិវឌ្ឍន៍ ឬក៏បូរី ដែលទើបតែបង្កើតថ្មីជាដើម។
លោកហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះថា ការកែសម្រួលតម្លៃមូលដ្ឋានគិតពន្ធនេះ គឺមិនបានជះឥទ្ធិពលដល់តម្លៃប្រាក់ពន្ធ អចលនទ្រព្យប្រចាំឆ្នាំនោះទេ សម្រាប់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៩នៅតែអនុវត្តជាធរមាន គឺតម្លៃនៃការបង់ពន្ឋមិនមានការប្រែប្រួលទេធៀបនឹងឆ្នាំ២០១៨។
តម្លៃអចលនទ្រព្យ ដែលជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលកំណត់ក្នុងឧបសម្ព័ន្ធនៅតាមរាជធានីខេត្ត គឺមានការចូលរួមពិភាក្សាយ៉ាងល្អិតល្អន់ ទាំងស្ថាប័នរដ្ឋ និងវិស័យជនទើបសម្រេចចេញ ប្រកាសកាលពីថ្ងៃទី២២ខែមីនា ឆ្នាំ២០១៩ ដោយក្រសួងសេដ្ឋកិច្ច ដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ តទៅ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។
កន្លងមករាជរដ្ឋាភិបាលបាន សម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នៅឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវ ត្តអស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយនេះ ហើយដើម្បីស្របតាមការរីកចម្រើន ខាងវិស័យអប់រំនៅកម្ពុជា ក៏ដូចជា នៅក្នុងខេត្តកណ្ដាលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវប្រកាស លេខ ៣៤៣ សហវ .ប្រក ដែលបានចុះថ្ងៃទី ២២ ខែមិនាឆ្នាំ ២០១៩ស្ដីពី ការកំណត់ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំ ២០១៩ នេះតទៅ៕