ដោយៈ រ៉ាណេត
ភ្នំពេញៈ ទំហំវិនិយោគបន្ថែមនៅកម្ពុជា បានកើនឡើងរហូតដល់ទឹកប្រាក់ ៥១៨១លានដុល្លារសហរដ្ឋអាមេរិក ដែលមានគម្រោងចំនួន១៥៣ ខណៈដែលកាលពីឆ្នាំ២០១៨ នៅឆមាសទី១មានត្រឹម ១០៥គម្រោង ស្មើនឹងទំហំវិនិយោគ ៣០០០ លានដុល្លារតែប៉ុណ្ណោះ។
យោងតាមរបាយការណ៍ ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា នៅត្រឹមឆមាសទី១ ឆ្នាំ២០១៩ តាមរយៈគណៈកម្មការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៤៣គម្រោង។ នៅក្នុងចំណោមគម្រោងទាំង ១៥៣ខាងលើនេះ មានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ៥១៨១ លានដុល្លារអាចបង្កើតការងារបានជាង ១៦៧,៣៣០កន្លែង”។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានបង្ហាញពីក្ដីសាទរ និងមានជំនឿជឿជាក់យ៉ាងមុតមាំថា សម្រាប់ដំណាច់ឆ្នាំ២០១៩ កម្ពុជានៅតែអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង ៧ភាគរយ ហើយគម្រោងវិនិយោគបន្ថែមនៅតែមានការកើនឡើង។
លោកឧកញ៉ាបានមានប្រសាសន៍ថា រយៈពេល៦ខែឆ្នាំនេះ ក៏ដូចជាពេញមួយឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចនៅតែរក្សាបានលំនឹងធម្មតា ការវិនិយោគនៅតែមានចូលបន្ថែម ហើយគម្រោងចាស់ដែលមានស្រាប់ ក៏មិនមានភាពអសកម្មនោះដែរ មានតែខ្វះរោងចក្រជួលថែមទៀតផង”។
លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងគម្រោងវិនិយោគបរទេស ដែលចូលមកកាន់កម្ពុជា វិស័យសំណង់ និងអចលនទ្រព្យបានឈានមុខគេ បន្ទាប់មកគឺវិស័យឧស្សាហកម្មកាត់ដេរ វិស័យទេសចរណ៍និងកម្សាន្ត ដែលរួមមានដូចជាការវិនិយោគលើផ្នែកសណ្ឋាគារ និងកាស៊ីណូជាដើម ”។ លោកឧកញ៉ាបានបន្តទៀតថា “ដោយឡែកសម្រាប់ថ្ងៃខាងមុខនេះយើងរំពឹងថា នឹងមានក្រុមហ៊ុនអន្តរជាតិដទៃទៀត ចូលមកវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់កសិផលដើម្បីនាំចេញទៅក្រៅប្រទេស”។
ពាក់ព័ន្ធទៅនឹងការនាំចេញពីកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិត្រូវបានលោកឧកញ៉ារំពឹងថា នៅតែរក្សាបាននូវភាពល្អប្រសើរដដែល បើទោះជាកម្ពុជាមិនមានច្បាប់អនុគ្រោះពន្ធពីសភាពអឺរ៉ុបក៏ដោយ។
លោកឧកញ៉ាលឹម ហេងបានបញ្ជាក់ថា “មានបណ្តាប្រទេសកម្នុងតំបន់ជាច្រើនដែលមិនមានច្បាប់អនុគ្រោះពន្ធ ប៉ុន្តែគេនៅតែអាចធ្វើបាន ហើយកម្ពុជាក៏អាចធ្វើបានដូចគ្នា”។ លោកឧកញ៉ាបានបន្តទៀតថា “ផ្អែកតាមការធ្វើកំណែទម្រង់គោលការណ៍ និងនយោបាយសេដ្ឋកិច្ចផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល កម្ពុជានៅតែអាចឈរជើងរឹងមាំក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារពិភពលោកដដែល ហើយកាន់តែមានភាពល្អប្រសើរថែមទៀតផង”៕